យោងតាមការអះអាងរបស់ក្រុមមន្រ្តីអ៊ីស្រាអែល បានឲ្យដឹងថា ច្រកព្រំដែន Zikim ដែលជាច្រកចូលដ៏សំខាន់ចូលទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាស្រ្ទីប ត្រូវបានបើកឡើងវិញ ដើម្បីអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់មួយនេះ ។
ការប្រកាសនៅថ្ងៃពុធនេះ បានកើតមានឡើង រយៈពេល ២ខែ ក្រោយអ៊ីស្រាអែលបិទច្រកឆ្លងកាត់មួយនេះ ហើយនិងបន្ទាប់ពីមានការអំពាវនាវម្តងហើយម្តងទៀតពីទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ(UN) អនុញ្ញាតឲ្យជំនួយហូរចូលដោយផ្ទាល់ទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាដែលរងផលប៉ះពាល់ខ្លាំងបំផុត ។
ក្រោមបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា ការចែកជំនួយត្រូវតែបង្កើនឲ្យបានច្រើន ក្នុងនោះរថយន្តដឹកជំនួយយ៉ាងហោច ៦០០គ្រឿង ក្នុង ១ថ្ងៃ ត្រូវតែអនុញ្ញាតឲ្យធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ។
ប៉ុន្តែទំហំរថយន្តមានតិចជាងការកំណត់ ហើយ UN បានព្រមានថា វិបត្តិអត់ឃ្លានក្នុងតំបន់ហ្កាហ្សា នៅតែគ្រោះថ្នាក់ ស្របពេលដែលក្បួនរថយន្តដឹកជំនួយទៅកាន់តំបន់ភាគខាងជើង ជាទីដែលគ្រោះទុរ្ភិក្ស ត្រូវបានប្រកាសកាលពីខែសីហា ប្រឈមនឹងភាពយឺតយ៉ាវ និងផ្លូវពិបាកធ្វើដំណើរពីទិសខាងត្បូង ។
អង្គភាព COGAT ដែលជាអង្គភាពត្រួតត្រាកិច្ចការស៊ីវិលនៅដែនដីកាន់កាប់ប៉ាឡេស្ទីនរបស់ក្រសួងការពារជាតិអ៊ីស្រាអែល និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា នៅថ្ងៃពុធនេះ ច្រកឆ្លងកាត់ព្រំដែន Zikim ត្រូវបានបើកហើយ សម្រាប់ការចូលរបស់រថយន្តដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ៕