ប្រទេសអ៊ីរ៉ង់កំពុងជួបវិបត្តិទឹកដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក្នុងនោះក្រុមមន្រ្តីធ្វើការព្រមានថា ទីក្រុងតេអេរ៉ង់ដែលជារដ្ឋធានីមានពលរដ្ឋរស់នៅជាង ១០លាននាក់ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមិនអាចរស់នៅបានទេ បើសិនជាគ្រោះរាំងស្ងួតញាំញីប្រទេសមួយនេះ នៅតែបន្តនោះ ។
នេះគឺជាហានិភ័យខ្ពស់ខ្លាំងសម្រាប់ក្រុមមេដឹកនាំបុព្វជិតអ៊ីរ៉ង់ ។ កាលពីឆ្នាំ ២០២១ កង្វះខាតទឹក បង្កឲ្យកើតមានបាតុកម្មហិង្សានៅខេត្តភាគខាងត្បូង Khuzestan របស់អ៊ីរ៉ង់ ។ ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាល ធ្វើឲ្យភាពក្រក្សត់ទឹកប្រើប្រាស់លើកនេះ អាចនឹងបង្កភាពរំជើបរំជួលដូចកាលពីមុន ។
ប្រជាពលរដ្ឋអ៊ីរ៉ង់ បានជួបការលំបាករួចទៅហើយដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ទណ្ឌកម្មពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរជម្លោះរបស់ប្រទេសមួយនេះ ហើយនិងការគ្រប់គ្រងមិនបានល្អ ។
ដោយសារការគ្រប់គ្រងធនធានមិនបានត្រឹមត្រូវ ហើយនិងការប្រើប្រាស់ហួសប្រមាណ ស្ថាប័នបុព្វជិតរបស់អ៊ីរ៉ង់ បានប្រឈមនឹងការកើតឡើងវិញវិបត្តិអគ្គិសនី ឧស្ម័ន និងកង្វះខាតទឹក អំឡុងខែជួបតម្រូវការខ្ពស់ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅថា ពួកយើងខ្វះខាតទឹក ។ បើសិនជាវាគ្មានភ្លៀងធ្លាក់ទេនោះ ពួកយើងនៅទីក្រុងតេអេរ៉ង់ នៅខែ Azar ដែលចាប់ផ្តើមនៅថ្ងៃទី ២២ ខែវិច្ឆិកា ត្រូវតែចាប់ផ្តើមកម្រិតចំនួនកំណត់ទឹកប្រើប្រាស់ ។
លោកបន្តថា បើទោះបីជាពួកយើងចាប់ផ្តើមកម្រិតចំនួនកំណត់ទឹកប្រើប្រាស់យ៉ាងណាក្តី បើសិនជាវានៅតែគ្មានភ្លៀងធ្លាក់ទេនោះ ពួកយើងនឹងគ្មានទឹកប្រើប្រាស់តែម្តង ៕