នៅទីបំផុត កិច្ចព្រមព្រៀងមួយដើម្បីនាំការបិទរដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ទៅរកទីបញ្ចប់ បានឆ្លងកាត់សភារបស់ទីក្រុងវ៉ាស៊ីនហើយ កាលពីយប់ថ្ងៃពុធ (១២ វិច្ឆិកា) បន្ទាប់ពីសភាតំណាងរាស្រ្ត បានបោះឆ្នោតគាំទ្រឱ្យបើករដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន ក៏ដូចជាបន្តជំនួយស្បៀងអាហារដែលត្រូវរំខាន បង់ប្រាក់ឱ្យកម្មករសហព័ន្ធរាប់សែននាក់ និងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដំណើរការជាថ្មីម្ដងទៀត។

សភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តកញ្ចប់នេះដោយសំឡេងឆ្នោត ២២២ទល់នឹង២០៩ ជាមួយនឹងការគាំទ្រពីលោកប្រធានាធិបតី Donald Trump មានធ្វើឱ្យបក្សរបស់លោករួបរួមគ្នា តតាំងនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសមាជិកសភាខាងបក្សប្រជាធិបតេយ្យ។
សំណើច្បាប់នេះបានទទួលការអនុម័តពីព្រឹទ្ធសភារួចទៅហើយ ហើយសេតវិមានបាននិយាយថា លោក Trump កំពុងត្រៀមចុះហត្ថលេខាផ្ដល់ភាពផ្លូវការលើច្បាប់នេះ នៅពេលយប់ថ្ងៃពុធ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដោយបញ្ចប់ការបិទទ្វាររដ្ឋាភិបាលអស់ជាង ៤០ថ្ងៃ។
កញ្ចប់នេះនឹងពង្រីកការផ្តល់មូលនិធិឱ្យរដ្ឋាភិបាលរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែក៏បានដាក់រដ្ឋាភិបាលសហព័ន្ធនៅលើមាត់ជ្រោះហិរញ្ញវត្ថុ ដោយការបន្ថែមបំណុលប្រហែល ១,៨សែនកោដិដុល្លារក្នុងមួយឆ្នាំ ពីលើបំណុលជាតិ ៣៨សែនកោដិដុល្លារ របស់ខ្លួន៕


