គុនខ្មែរ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចាប់ផ្ដើមយុទ្ធនាការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ហើយក្រោយពន្យារពេលកាលពីថ្មីៗដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗសម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឱ្យគ្រប់គ្រាន់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមផង ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។

ដើម្បីជំរុញការប្រកួតប្រចាំឆ្នាំនេះឲ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ប្រមុខសហព័ន្ធដដែលបានផ្ដល់ការណែនាំមួយចំនួនដូចជាមន្ត្រីបច្ចេកទេស ប្រធានវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម ដែលមានតួនាទីជាអ្នកធ្វើការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់បំពេញតួនាទី ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ផ្តល់ភាពសុក្រឹត្យ យុត្តិធម៌ មិនលម្អៀង មិនប្រកាន់បក្ខពួក ត្រូវមានសុទិដ្ឋិនិយម និងឈរលើគោលការណ៍ច្បាប់ និងស្មារតីកីឡា។ ចំណែកកីឡាករ-កីឡាការិនីដែលចូលរួមប្រកួតត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ បទបញ្ជានៃការប្រកួតដែលចេញដោយគណៈកម្មការរៀបចំការប្រកួត ពិសេសការរក្សាទម្ងន់តាមការកំណត់ និងថែរក្សាសុខភាពផ្ទាល់ខ្លួនក្នុងពេលចូលរួមប្រកួត ត្រូវមានក្រមសីលធម៌ ជាកីឡាករ-កីឡាការិនីល្អ មានសេចក្តីថ្លៃថ្នូរ រក្សាវិន័យ មានសណ្តាប់ធ្នាប់ ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីទទួលបាននូវលទ្ធផលល្អ មានកិត្តិយសផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការ និងគោលការណ៍ដែលថ្នាក់ជាតិចង់បានទៅថ្ងៃអនាគត។
ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះមានសមាគម/ក្លិប និងតំណាងក្រសួង រាជធានី-ខេត្តចូលរួមសរុបចំនួន ១៤ ដោយមានកីឡាករ-កីឡាការិនីចូលរួសរុបម ៩៥នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្ត្រីបច្ចេកទេស ៦៥នាក់សរុបទាំងអស់ ១៨៨នាក់។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសន្យាយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដឹកនាំ និងអនុវត្តការងារប្រកួតឲ្យទទួលបានជោគជ័យ៕
អត្ថបទ៖ លី ឈុនឡា