រដ្ឋមន្ត្រីក្រសួងព័ត៌មានឥណ្ឌា លោក Ashwini Vaishnaw បាននិយាយកាលពីថ្ងៃពុធ (១២ វិច្ឆិកា) ថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានអនុម័តកញ្ចប់ចំណាយចំនួន ៤៥០,៦ពាន់លានរូពី (ប្រមាណ ៥,១ពាន់លានដុល្លារអាមេរិក) ជាការគាំទ្រសម្រាប់ក្រុមហ៊ុននាំចេញ រួមទាំងថវិកា ២០០ពាន់លានរូពី ក្នុងការធានាឥណទានលើប្រាក់កម្ចីធនាគារ។

ផែនការនេះ រួមបញ្ចូលទាំងការបែងចែកថវិកា ២៥០,៦ពាន់លានរូពី ក្នុងពេល ៦ឆ្នាំ លើហិរញ្ញវត្ថុពាណិជ្ជកម្មដែលមានតម្លៃសមរម្យ សម្រាប់អ្នកនាំចេញខ្នាតតូច ការដឹកជញ្ជូន និងការគាំទ្រទីផ្សារ ក្រោមកញ្ចប់ផ្សព្វផ្សាយការនាំចេញ ដើម្បីជួយទូទាត់ផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
គួរឱ្យដឹងថា ពន្ធរបស់សហរដ្ឋអាមេរិក លើឥណ្ឌា មានដល់ទៅ ៥០% —ដែលក្នុងនោះ មានពន្ធពិន័យ ២៥% ដោយសារឥណ្ឌាទិញប្រេងពីរុស្ស៊ី — ទៅលើទំនិញដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការ ទំនិញស្បែក និងសារធាតុគីមីជាដើម។
ក្រុមអ្នកនាំចេញបាននិយាយថា វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាវាយនភណ្ឌ គ្រឿងអលង្ការ និងអាហារសមុទ្រ ជាពិសេសផលិកម្មបង្គា បានរងផលប៉ះពាល់ខ្លាំងបំផុតពីពន្ធរបស់អាមេរិក ដែលបណ្តាលឱ្យបាត់បង់ការងារជាច្រើនក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនៃរដ្ឋ Tamil Nad និងរដ្ឋ Gujarat ដែលជារដ្ឋកំណើតរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ៕

