អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ អនុញ្ញាតឱ្យខ្លួនត្រួតពិនិត្យស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ប្រទេសនេះ ជាពិសេសឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់មានការលាក់បាំង ដែល«ហួសពេលកំណត់ជាយូរ»។

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានផ្ទុះឡើងដដែលៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទំនាក់ទំនងកាន់តែតានតឹងក្រោយមានសង្រ្គាមរយៈពេល១២ថ្ងៃកាលពីក្នុងខែមិថុនា ដែលបានមើលឃើញថា អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានវាយប្រហារទៅលើទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់។

ចាប់តាំងពីសង្រ្គាមមក អធិការកិច្ចរបស់ទីភ្នាក់ងារ ពុំត្រូវបានផ្តល់សិទ្ធិចូលទៅកាន់ទីតាំងនុយក្លេអ៊ែរសំខាន់ៗដូចជា Fordo និង Natanz ដែលត្រូវបានវាយប្រហារកាលពីខែមិថុនា ប៉ុន្តែពួកគេអាចទៅពិនិត្យមើលទីតាំងផ្សេងទៀតបាន។
នៅក្នុងរបាយការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួន ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ខ្លួន «លែងទទួលបានព័ត៌មានទាក់ទងនឹងឃ្លាំងស្តុកសារធាតុនុយក្លេអ៊ែរដែលបានប្រកាសកាលពីពេលមុននៅក្នុងប្រទេសអ៊ីរ៉ង់នៅទីតាំងដែលទទួលរងផលប៉ះពាល់» រួមទាំងឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតជិតឈានដល់ការផលិតអាវុធបានរបស់ប្រទេសនេះ។ នៅក្នុងគោលការណ៍ ឃ្លាំងស្តុកនោះ គឺមានគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរប្រមាណ ១០ គ្រាប់។