រដ្ឋមន្ត្រីការបរទេសកាណាដា បានប្រកាសដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ដោយដាក់គោលដៅលើការផលិតយានដ្រូន និងថាមពលរបស់រុស្ស៊ី ខណៈលោកស្រី ធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំ G7 ក្នុងគោលបំណងដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ។

រដ្ឋមន្ត្រីការបរទេស លោកស្រី Anita Anand បានប្រាប់អ្នកសារព័ត៌មាន រួមជាមួយនឹងអ្នកការទូតជាន់ខ្ពពស់របស់អ៊ុយក្រែន លោក Andriy Sybiha ថា «កាណាដានឹងបន្តធានាថា សកម្មភាពរបស់រុស្ស៊ី ត្រូវតែមានទណ្ឌកម្ម»។ ភាគីទាំងពីរបានជួបពិភាក្សាគ្នានៅជិតរមណីយដ្ឋានទឹកធ្លាក់ Niagara Falls ដ៏ល្បីល្បាញរបស់ប្រទេសកាណាដា ជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG7។

លោក Sybiha បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាដែលបញ្ចប់កាលពីថ្ងៃពុធ ផ្តោតលើ «ការពង្រឹងសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន» ខណៈជំរុញឱ្យ G7 ប្រមូលការគាំទ្របន្ថែមទៀតសម្រាប់ការផលិតយានដ្រូន និងការការពារដែនអាកាសរបស់ទីក្រុងគីវ។
លោកស្រី Anand បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីរបស់ប្រទេសកាណាដា គឺជាលើកដំបូងលើ «ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) ដែលត្រូវបានប្រើប្រាស់ក្នុងយុទ្ធសាស្ត្រកូនកាត់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។ ក្រុមហ៊ុននានាដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី ស្ថិតក្នុងចំណោមគោលដៅទាំងនោះ។