ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា លោកបានទទួលលិខិតមួយច្បាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ដោយសុំឱ្យលោកលើកលែងទោសដល់លោក Benjamin Netanyahu ដែលកំពុងជាប់ក្នុងការជម្រះក្តីក្នុងសំណុំរឿងពុករលួយចំនួនបីករណីដាច់ដោយឡែកពីគ្នា។

លោក Netanyahu បានបដិសេធដដែលៗនូវការធ្វើខុសណាមួយនៅក្នុងសំណុំរឿងរបស់តុលាការដែលកំពុងបន្ត ដោយមិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបានចេញនៅឡើយ ហើយអ្នកគាំទ្ររបស់លោកបានច្រានចោលការជម្រះក្តីនេះថាជាហេតុផលនយោបាយ។ នៅក្នុងសុន្ទរកថា ទៅកាន់សភាអ៊ីស្រាអែលកាលពីខែតុលា លោក Trump បានស្នើទៅកាន់លោក Herzog ឲ្យលោកលើកលែងទោសដល់លោក Netanyahu ។

ការិយាល័យរបស់ លោក Herzog បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ព្រឹកនេះ ប្រធានាធិបតី លោក Isaac Herzog បានទទួលលិខិតពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយអំពាវនាវឱ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu»។
លោក Netanyahu និងភរិយារបស់លោក លោកស្រី Sara ត្រូវបានចោទប្រកាន់នៅក្នុងករណីមួយពីបទទទួលយកអំណោយប្រណីតមានតម្លៃជាង២៦០.០០០ដុល្លារអាមេរិក ដូចជា ស៊ីហ្គា គ្រឿងអលង្ការ និងស្រាសំប៉ាញ ពីមហាសេដ្ឋី ជាថ្នូរទៅនឹងការគាំទ្រផ្នែកនយោបាយ។