រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងបន្តការពិភាក្សាច្រកការទូតជាមួយលោកខាងលិច ដើម្បីដោះស្រាយវិបត្តិសន្តិសុខពាក់ព័ន្ធនឹងអ្វីដែលខ្លួនបានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើន ក្នុងការវាយប្រហារពីចម្ងាយក្បែរទឹកដីអ៊ុយក្រែន។ នៅក្នុងការជជែកផ្លាស់ប្ដូរយោបល់ ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov កាលពីថ្ងៃចន្ទបានលើកឡើងថា ឱកាសតែងតែមានជានិច្ចក្នុងការសម្រេចបានកិច្ចព្រមព្រៀង ជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន។

លោក Lavrov បានប្រាប់លោក Putin ថា ការផ្លាស់ប្ដូរយោបល់ជាមួយបណ្ដាមេដឹកនាំសហភាពអឺរ៉ុប និងក្រុង Washington បានបង្ហាញពីភាពគ្រប់គ្រាន់ក្នុងការបើកផ្លូវ សម្រាប់ភាពរីកចម្រើនលើគោលដៅរបស់រុស្ស៊ីដែលកំពុងស្វែងរក។ លោក Lavrov បាននិយាយក្នុងការអត្ថាធិប្បាយនៅលើកញ្ចក់ទូរទស្សន៍ថា នៅពេលលោកលើកឡើងថា លោកចង់ឲ្យមានការបន្តខាងច្រកការទូត លោក Putin បានឆ្លើយថា ល្អណាស់។ លោក Lavrov បានប្រាប់លោក Putin ថា សហរដ្ឋអាមេរិកបានដាក់ចេញនូវសំណើជាក់លាក់ ស្តីពីការកាត់បន្ថយហានិភ័យផ្នែកយោធា ប៉ុន្តែខ្លួនមិនពេញចិត្តទេចំពោះការឆ្លើយតបរបស់អង្គការណាតូ និងសហភាពអឺរ៉ុបដែលមិនអនុញ្ញាតឱ្យទីក្រុងមូស្គូបំបែកបំបាក់សមាជិករបស់ខ្លួន។
លោក State Antony Blinken ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងបន្តជំរុញឲ្យមានដំណោះស្រាយច្រកការទូត ដោះស្រាយវិបត្តិនេះ។ លោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសន្ទនាតាមទូរស័ព្ទជាមួយលោក Putin កាលពីចុងសប្ដាហ៍មុន ក៏បានសន្ទនាតាមទូរស័ព្ទរយៈពេល ៤០នាទីផងដែរជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាលពីថ្ងៃចន្ទ។ មេដឹកនាំទាំង ២នៅតែរំពឹងថា នឹងមានកិច្ចព្រមព្រៀងតាមច្រកការទូតដោះស្រាយវិបត្តិអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន