អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ២៥ លាននាក់ ដែលជាង ២០ ភាគរយនៃចំនួនប្រជាជន កំពុងប្រឈមនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការUN បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅតែជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីអសន្តិសុខស្បៀង ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ នៅភាគខាងកើត។

លោកបាននិយាយថា យោងតាមការវិភាគចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នាចុងក្រោយបំផុត ចំនួននេះ ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ជិត ២៧ លាននាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៦។
លោក Dujarric បានបញ្ជាក់ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់UN (OCHA) នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងជនស៊ីវិល នៅក្នុងទឹកដី Beni និង Lubero នៅក្នុងខេត្ត North Kivu និង ខេត្ត Ituri ផងដែរ ដោយមានមនុស្សជាង ១.០០០ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងខេត្តទាំងពីរ ចាប់តាំងពីដើមឆ្នាំនេះ៕