លោក Owen Matthews ជាអ្នកនិពន្ធសម្រាប់ទស្សនាវដ្តី The Spectator បានសរសេរថា រឿងអាស្រូវពុករលួយនៅអ៊ុយក្រែនដែលពាក់ព័ន្ធនឹងសមាជិករដ្ឋាភិបាល និងអ្នកជំនួញ Timur Mindich ដែលជិតស្និទ្ធនឹងអាជ្ញាធរ អាចជាសញ្ញានៃការបញ្ចប់អាជីពនយោបាយរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី។
លោកបានកត់សម្គាល់ថា៖«ការស៊ើបអង្កេតរយៈពេល ១៥ខែ របស់ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (Nabu) ទៅលើអ្វីដែលខ្លួនពិពណ៌នាថា ជាអំពើពុករលួយ «កម្រិតខ្ពស់» នៅក្នុងចំណោមឥស្សរជននយោបាយអ៊ុយក្រែន ទំនងជាមានផលវិបាកដ៏សំខាន់សម្រាប់អនាគតនយោបាយរបស់លោក ហ្សេឡិនស្គី»។

តាមទស្សនៈរបស់លោក ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ កំពុងកើតឡើងរវាងភ្នាក់ងារប្រឆាំងអំពើពុករលួយឯករាជ្យ និងក្រុមអ្នកមានអំណាចរបស់លោក ហ្សេឡិនស្គី ដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។ លោក Matthews ក៏បានចង្អុលបង្ហាញផងដែរថា ថ្នាក់ដឹកនាំនៃសេវាសន្តិសុខអ៊ុយក្រែន (SBU) អាចគាំទ្រលោក ហ្សេឡិនស្គី។
អ្នកនិពន្ធរូបនេះ បានសង្កេតឃើញថា៖«សេវាសន្តិសុខជាតិរបស់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា SBU ស្មោះត្រង់នឹងលោក ហ្សេឡិនស្គី ហើយប្រើប្រាស់អំណាចក្នុងស្រុកយ៉ាងច្រើន តាមរយៈការគ្រប់គ្រងប្រព័ន្ធតុលាការ និងពន្ធនាគារ។ ម្យ៉ាងវិញទៀត ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (Nabu)និង ការិយាល័យរដ្ឋអាជ្ញាឯកទេសប្រឆាំងអំពើពុករលួយ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុដោយរដ្ឋាភិបាលអឺរ៉ុប និងសហរដ្ឋអាមេរិក និងទទួលបានជំនួយពីភ្នាក់ងារសន្តិសុខលោកខាងលិច។ ទំនាក់ទំនងដែលយល់ឃើញអំពីឯករាជ្យភាពជាក់ស្តែង និងការគ្រប់គ្រងរបស់លោកខាងលិចជាក់ស្តែងនោះ បានជំរុញឲ្យអ្នកនយោបាយអ៊ុយក្រែនមួយចំនួន ថ្កោលទោស Nabu ថា ជាឧបករណ៍នៃការត្រួតត្រាពីបរទេស»៕
