រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) បានលើកឡើងថា លោកមានសុទិដ្ឋិនិយមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបញ្ចប់សព្វគ្រប់នូវសេចក្ដីសម្រេច ស្តីពីតំបន់ហ្កាហ្សា ដែលនឹងគាំទ្រកងកម្លាំងសន្តិសុខអន្តរជាតិ។
បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសទាំង៧ (G7) បានជួបប្រជុំគ្នា នៅប្រទេសកាណាដា លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានអារម្មណ៍សុទិដ្ឋិនិយមថា វានឹងកើតឡើង។ ខ្ញុំគិតថា យើងកំពុងដំណើរការល្អលើការប្រើភាសានៃសេចក្ដីសម្រេចនេះ ហើយសង្ឃឹមថា យើងនឹងមានវិធានការលើសេចក្ដីសម្រេច ក្នុងពេលឆាប់ៗនេះ»។

លោក Rubio បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងជជែកជាមួយប្រទេសផ្សេងៗគ្នា អំពីវិធី «ធ្វើឲ្យមានតុល្យភាពផលប្រយោជន៍របស់ពួកគេ នៅទីនេះ និងរបៀបដែលត្រូវរៀបចំឲ្យលើសពីកម្លាំងសន្តិសុខ»។ សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីព្រាងសេចក្តីសម្រេចដែលនឹងតាមដានបទឈប់បាញ់នៅក្នុងសង្គ្រាមរយៈពេល ២ឆ្នាំ ជាកិច្ចព្រមព្រៀងដែលគាំទ្រដោយលោកប្រធានាធិបតី Donald Trump។
ទោះបីជារដ្ឋបាលរបស់លោក Trump បានរិះគន់អង្គការសហប្រជាជាតិ (UN) ជាយូរមកហើយក៏ដោយ ក៏ប្រទេសមួយចំនួន បានប្រាប់ថា ពួកគេត្រូវការការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ មុនពេលពួកគេអាចដាក់ពង្រាយកងទ័ពទៅកាន់តំបន់ហ្កាហ្សា។ លោក Rubio បាននិយាយថា ការដាក់ពង្រាយកម្លាំងអន្តរជាតិមានសារៈសំខាន់ទាំងការអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងដែនដីប៉ាឡេស្ទីន និងការរារាំងក្រុមហាម៉ាស៕


