សេតវិមានកំពុងបញ្ជាឲ្យនិយោជិតសហព័ន្ធត្រឡប់ទៅធ្វើការវិញ នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) ខណៈដែលរដ្ឋាភិបាលបើកដំណើរការឡើងវិញ បន្ទាប់ពីមានការបិទជាប្រវត្តិសាស្ត្រ ដែលបានបង្ខំឲ្យមានការឈប់សម្រាកជាបណ្ដោះអាសន្ននូវបុគ្គលិកសហព័ន្ធប្រហែល ៦០០.០០០នាក់ បិទការិយាល័យ និងបង្កកប្រាក់បៀវត្សរ៍រាប់ពាន់លានដុល្លារ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិឲ្យចូលជាច្បាប់ជាធរមាន កាលពីល្ងាចថ្ងៃពុធ ដែលបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន បានឲ្យដឹងនៅក្នុងអនុស្សរណៈកាលពីថ្ងៃពុធថា៖ «ហេតុដូច្នេះ ភ្នាក់ងារគួរតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាថា ការិយាល័យនានាបើកយ៉ាងលឿនរហ័ស និងរលូន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥»។
អនុស្សរណៈនោះ បានបន្ថែមថា៖ «និយោជិតដែលស្ថិតក្នុងដំណើរការឈប់សម្រាកបណ្ដោះអាសន្ន ដោយសារមិនមានការបង់ប្រាក់ឈ្នួល គួរតែត្រូវបានណែនាំឲ្យត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា» ។
ផែនការបិទរបស់ទីភ្នាក់ងារជាច្រើនដែលបានចេញផ្សាយភ្លាមៗ មុនពេលដំណើរការបិទបានចាប់ផ្តើម រំពឹងថា នឹងផ្តល់ឲ្យបុគ្គលិកនូវភាពបត់បែនបន្ថែម ក្នុងការត្រឡប់ទៅធ្វើការវិញ៕
