សមាជិកសភាបារាំងបានបោះឆ្នោតគាំទ្រការផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍ដ៏ចម្រូងចម្រាស កាលពីថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) នេះ ខណៈដែលសេចក្ដីស្នើច្បាប់ថវិកាឆ្នាំ២០២៦ ឆ្លងកាត់សភាយ៉ាងយឺតៗ ក្រោមការគំរាមកំហែងបន្តមានឥតដាច់ ចំពោះការរស់រានរបស់រដ្ឋាភិបាល។
សមាជិកសភាភាគច្រើនចំនួន ២៥៥នាក់ បានបោះឆ្នោតគាំទ្រការផ្អាកនេះ ខណៈ ១៤៦សំឡេង បានបោះឆ្នោតប្រឆាំង។ ការជជែកដេញដោលអំពីកញ្ចប់ថវិកា បានក្លាយជាដំណើរការកាន់តែមានសារៈសំខាន់ ចាប់តាំងពីការបោះឆ្នោតមុនអាណត្តិរបស់ប្រធានាធិបតី លោក Emmanuel Macron ក្នុងឆ្នាំ២០២៤ បានធ្វើឲ្យលោកមាននូវសភាមួយមិនមានសំឡេងភាគច្រើនដាច់ខាត ជាទីដែលសមាជិកសភាពេញដោយការខឹងសម្បា បានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោក Michel Barnier ជុំវិញផែនការចំណាយរបស់ឆ្នាំ២០២៤។

វិនិយោគិន និងដៃគូអឺរ៉ុបរបស់បារាំង កំពុងតាមមើលភាពចលាចលនេះយ៉ាងយកចិត្តទុកដាក់ ខណៈដែលបារាំងដែលមាននាយករដ្ឋមន្ត្រី ៥នាក់ ក្នុងរយៈពេល ២ឆ្នាំ ជួបនឹងការលំបាកក្នុងការទប់ទល់នឹងឱនភាពថវិកាដែលបានក្លាយជាចំនួនធំបំផុតជាងគេ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
បើទោះជាសមាជិកសភា បានអនុម័តលើមាត្រាជាក់លាក់នៃច្បាប់ដែលផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍ក៏ដោយ ក៏ពួកគេនឹងត្រូវគាំទ្រសេចក្ដីស្នើច្បាប់សន្តិសុខសង្គមទាំងមូល ក្នុងការបោះឆ្នោតចុងក្រោយ នាដំណាក់កាលក្រោយ ដើម្បីឲ្យវាកា្លយជាច្បាប់ជាធរមាន។
បន្ទាប់ពីមានការចាប់ផ្តើមមិនសូវរលូន ការប៉ុនប៉ងលើកទី២ របស់នាយករដ្ឋមន្ត្រី លោក Sebastien Lecornu នៅរដ្ឋាភិបាល បានដំណើរការទៅមុខ ដោយបានជំរុញផ្នែកខ្លះនៃច្បាប់ថវិកាឆ្លងកាត់សភា ដោយសារការធ្វើសម្បទានដ៏មានតម្លៃ៕
