មីយ៉ាន់ម៉ា៖ មេដឹកនាំស្តីទីនៃរដ្ឋាភិបាលស៊ីវិលស្រមោល របស់សហភាពមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងព្យាយាមផ្តល់សិទ្ធិស្របច្បាប់ ដល់ប្រជាជនដើម្បីការពារខ្លួន ខណៈចំនួនអ្នកស្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ កាលពីខែមុនបានកើនឡើងជាង ៨០នាក់ នេះបើយោងតាមក្រុមតស៊ូមតិ។

មេដឹកនាំស្តីទីនៃរដ្ឋាភិបាលស៊ីវិលស្រមោល របស់សហភាពមីយ៉ាន់ម៉ារូបនេះបាននិយាយថា ប្រជាជនត្រូវតែឈ្នះការបះបោរប្រឆាំងនឹងរបបយោធា ខណៈដែលកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករនៅទីក្រុងយ៉ាងហ្គោន ហើយមនុស្សយ៉ាងហោចណាស់ ៥នាក់ត្រូវបានសម្លាប់ ខណៈការតវ៉ាបានបន្តមកដល់សប្តាហ៍ទី៦។ លោក Mahn Win Khaing Than ដែលកំពុងដឹកនាំរួមជាមួយមន្ត្រីជាន់ខ្ពស់ភាគច្រើន មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានថ្លែងថា នេះគឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់ប្រទេស និងជាពេលវេលាដែលព្រះអាទិត្យរះជិតមកដល់ហើយ។
លោកបាននិយាយទៅកាន់សាធារណជន តាមបណ្ដាញសង្គម Facebook កាលពីថ្ងៃសៅរ៍ថា នេះក៏ជាការសាកល្បងរបស់ប្រជាជនយើងផងដែរ ដើម្បីដឹងថា តើយើងអាចទប់ទល់នឹងពេលវេលាដ៏ខ្មៅងងឹតបំផុតនេះបានយូរប៉ុណ្ណា។ លោក Khaing Than កាន់តំណែងជាប្រធានសភា ក្នុងអំឡុងរដ្ឋបាលមុនរបស់លោកស្រី Aung San Suu Kyi។ លោកបាននិយាយថា រដ្ឋាភិបាលស៊ីវិលមានបំណងបង្កើតច្បាប់ចាំបាច់ ដើម្បីឲ្យប្រជាជនមានសិទ្ធិការពារខ្លួន ប្រឆាំងនឹងការបង្ក្រាបរបស់យោធា៕
អត្ថបទ៖ សុខមាន