បាល់ទាត់៖ ក្រុមជើងឯករង Manchester City ជាថ្មីទៀតនឹងមិនមានវត្តមានកីឡាករថ្លៃបំផុតរបស់ក្លិប Jack Grealish នៅពេលជួបម្ចាស់ផ្ទះព័រទុយហ្កាល់ Sporting Lisbon យប់នេះជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។ កីឡាករជំរើសជាតិអង់គ្លេសរូបនេះ ក៏អវត្តមានផងដែរពីការប្រកួតដែល Manchester City យកឈ្នះនៅទឹកដី Norwich City ៤-០ កាលពីថ្ងៃសៅរ៍ដោយសាររបួស។

យ៉ាងណាក្តីអ្នកចាត់ការ Pep Guardiola ថា របួសរបស់អតីតកីឡាករ Aston Villa រូបនេះមិនធំដុំឡើយ។ ក្រៅពី Grealish, Manchester City ក៏នឹងបន្តអវត្តមាន Cole Palmer និង Gabriel Jesus ផងដែរដោយសុទ្ធតែមានបញ្ហារបួស។ ក្រុមជើងឯក Premier League, Manchester City កំពុងសម្រួចខ្លួនឯងក្នុងការដណ្តើមជើងឯក Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្ររដូវកាលមុនចាញ់ Chelsea៕
អត្ថបទ៖នាង សុភាវុធ