រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា អឺរ៉ុបត្រូវបានស្វាគមន៍ក្នុងការចូលរួមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពីការកសាងរចនាសម្ព័ន្ធសន្តិសុខថ្មី នៅអឺរ៉ុបអាស៊ី ប៉ុន្តែវានឹងត្រូវមានឥរិយាបទ«សមរម្យ»។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Corriere della Sera របស់ប្រទេសអ៊ីតាលី ដែលបានបដិសេធមិនបោះពុម្ពផ្សាយវាថា៖«លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជំរុញគំនិតផ្តួចផ្តើមមួយដើម្បីកសាងរចនាសម្ព័ន្ធថ្មីនៃសន្តិសុខស្មើភាពគ្នា និងមិនអាចបំបែកបាន នៅអឺរ៉ុបអាស៊ី»។ សារព័ត៌មានTASS មានសិទ្ធិផ្តាច់មុខក្នុងការដកស្រង់ចម្លើយរបស់លោក ឡាវរ៉ូវ។
លោកបានបញ្ជាក់ថា៖««គំនិតផ្តួចផ្តើមនេះ បើកចំហសម្រាប់ប្រទេសទាំងអស់ នៅក្នុងទ្វីបនេះ រួមទាំងផ្នែកអឺរ៉ុបរបស់ខ្លួនផងដែរ។ ប៉ុន្តែពួកគេ នឹងត្រូវមានឥរិយាបទគួរសម ដោយគ្មានភាពក្រអឺតក្រទមបែបអាណានិគមនិយមថ្មី ដោយផ្អែកលើគោលការណ៍នៃសមភាព ការគោរពគ្នាទៅវិញទៅមក និងតុល្យភាពនៃផលប្រយោជន៍»។
យោងតាមលោក ឡាវរ៉ូវ ប្រព័ន្ធសន្តិសុខអឺរ៉ុប-អាត្លង់ទិក ដែលមានរហូតដល់ឆ្នាំ ២០២២ ត្រូវបាន « បំផ្លាញ និងរុះរើទាំងស្រុងដោយលោកខាងលិច»៕
