លោក Nobuyuki Fukushima សមាជិកសភាជាន់ទាបជប៉ុន ដែលមិនមានបក្ខពួក បានប្រាប់អ្នកយកព័ត៌មាន ដោយឆ្លើយសំណួរមួយពីសារព័ត៌មាន TASSថា រដ្ឋាភិបាលជប៉ុន ត្រូវធ្វើការសម្រេចចិត្តលើទំនាក់ទំនងជាមួយរុស្ស៊ីដោយឯករាជ្យ ដោយគ្មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
លោកបានថ្លែង បន្ទាប់ពីពិធីមួយដែលក្រសួងការបរទេសរុស្ស៊ី បានប្រគល់ផ្លាកសញ្ញា «សម្រាប់កិច្ចសហប្រតិបត្តិការ» ដល់មេដឹកនាំអង្គការសង្គម-នយោបាយ Issukai លោក Mitsuhiro Kimuraថា៖«ខ្ញុំជឿថា ប្រទេសជប៉ុន បានបាត់បង់ឯករាជ្យភាពរបស់ខ្លួន បើប្រៀបធៀបទៅនឹងអ្វីដែលខ្លួន មានកាលពី ១០-២០ ឆ្នាំមុន ព្រោះឥឡូវនេះប្រទេសនេះធ្វើអ្វីដែលសហរដ្ឋអាមេរិកបានប្រាប់។ សហរដ្ឋអាមេរិក និងជប៉ុនមានទំនាក់ទំនងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រខុសគ្នាទាំងស្រុងជាមួយរុស្ស៊ី ដូច្នេះខ្ញុំជឿថា ប្រទេសជប៉ុន ត្រូវការអភិវឌ្ឍគោលនយោបាយការបរទេសឯករាជ្យជាងមុនចំពោះរុស្ស៊ី»។

លោកបានលើកឡើងថា ជាឧទាហរណ៍ នៅពេលដែលលោក Shinzo Abe ជានាយករដ្ឋមន្ត្រី ប្រទេស ជប៉ុនមិនបានអនុវត្តតាមគោលនយោបាយទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសរុស្ស៊ីទាល់តែសោះ។ លោក Fukushima បានបញ្ជាក់ថា៖«ចាប់តាំងពីពេលនោះមក ខ្ញុំជឿថា ប្រទេសជប៉ុន បានបាត់បង់ឯករាជ្យភាពរបស់ខ្លួនទាំងស្រុង ហើយប្រទេសនេះ ត្រូវការសម្រេចចិត្តលើការបន្តទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី»៕
