ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មានជម្រើស ៣ ក្នុងការផ្តល់មូលនិធិដល់តម្រូវការហិរញ្ញប្បទានរបស់អ៊ុយក្រែន ដោយប្រាក់កម្ចីជាសំណងសង្គ្រាមយកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត។
ក្នុងសុន្ទរកថា នៅឯសភាអឺរ៉ុប លោកស្រី von der Leyen បានលើកឡើងថា ជម្រើសផ្សេងទៀត គឺឲ្យ EU ប្រើប្រាស់ចំនួនបម្រុងនៅក្នុងថវិការបស់ខ្លួន ដើម្បីបង្កើនមូលនិធិ ឬឲ្យមានកិច្ចព្រមព្រៀង ក្នុងចំណោមរដ្ឋសមាជិក ក្នុងការបង្កើនមូលនិធិដោយខ្លួនឯង។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ជម្រើសទី៣ គឺត្រូវមានប្រាក់កម្ចីសំណងការខូចខាតផ្អែកលើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុក។ យើងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ពោលគឺជាការឲ្យខ្ចីដែលអ៊ុយក្រែនសងត្រឡប់វិញ ប្រសិនបើរុស្ស៊ីសងសំណង។ នេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការទ្រទ្រង់វិស័យការពារជាតិ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន»៕
