ប្រេសិតពិសេសអាមេរិក លោក Tom Barrack បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស៊ីរីនឹងដើរតួនាទីយ៉ាងសកម្ម ដើម្បីជួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ រួមទាំងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្រុមហាម៉ាស និងក្រុមហេសបូឡា។
ប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed Al-Sharaa ដែលខ្លួនលោកផ្ទាល់ជាអតីតយុទ្ធសកម្មជន បានក្លាយជាមេដឹកនាំស៊ីរីដំបូងគេ ដែលបានទៅទស្សនកិច្ចសេតវិមាន ចាប់តាំងពីប្រទេសរបស់លោកទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៦។
ភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមដេស( Daesh) បានប្រកាសថា ស៊ីរីបានក្លាយជាសមាជិកទី ៩០ របស់ខ្លួន។
នៅថ្ងៃព្រហស្បតិ៍នេះ លោក Barrack បានសរសេរនៅលើបណ្តាញសង្គម Xថា៖«ទីក្រុងដាម៉ាសឥឡូវនេះ នឹងជួយយើងយ៉ាងសកម្មក្នុងការប្រឈមមុខ និងកម្ចេចក្រុមរដ្ឋឥស្លាមដេសដែលនៅសេសសល់ កងកម្លាំង IRGC (កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់) ក្រុមហាម៉ាស ក្រុមហេសបូឡា និងបណ្តាញភេរវករផ្សេងទៀត»។
កងកម្លាំង IRGC ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ និងក្រុមហេសបូឡានៅប្រទេសលីបង់ គឺជាអ្នកគាំទ្រដ៏សំខាន់របស់លោកប្រធានាធិបតី បាសា អាល់-អាសាដ មុនពេលលោកត្រូវបានបណ្តេញចេញពីតំណែង កាលពីខែធ្នូ ដោយក្រុមឧទ្ទាមដឹកនាំដោយលោក Sharaa៕
