ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng កាលពីថ្ងៃពុធ (ទី១២ ខែវិចិ្ឆកា) បានជួបជាមួយលោក Evan Greenberg ដែលជាអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន (NCUSCR) និងប្រធាន NCUSCR លោក Stephen Orlins នៅទីក្រុងប៉េកាំង។

លោក He Lifeng ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែរនោះ បាននិយាយថា ខណៈដែលចិន និងសហរដ្ឋអាមេរិក មាននូវឱកាសយ៉ាងទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសទាំង២ គួរតែធ្វើការក្នុងទិសដៅដូចគ្នា លើកកម្ពស់ និងអនុវត្តការឯកភាព និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ Busan រវាងប្រមុខរដ្ឋទាំង២ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងដោះស្រាយការយល់ឃើញខុសគ្នា ដោយការធ្វើបែបនោះនឹងជំរុញដល់វឌ្ឍនភាពប្រកបដោយស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
លោកបានបន្តថា សង្ឃឹមថា NCUSCR នឹងធ្វើការរួមចំណែកថ្មី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំង២។
អមដោយការសង្កត់ធ្ងន់ថា ការបន្តរក្សាស្ថិរភាពនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន មានសារៈសំខាន់ណាស់ ភាគីអាមេរិកបានសម្តែងនូវឆន្ទៈរបស់ខ្លួន ក្នុងការដើរតួនាទីតភ្ជាប់ ដើម្បីធ្វើឲ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងប្រទេសទាំង២៕
