តន្រ្តីបានប្រគុំនៅតាមដងផ្លូវក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ កាំជ្រួចផ្កាភ្ញីបំភ្លឺផ្ទៃមេឃនាពេលរាត្រី ខណៈដែលក្រុមអ្នកគាំទ្ររបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani អបអរជ័យជំនះក្រុមចម្រុះរបស់លោក សម្រាប់អាណត្តិទី ២ នៅការបោះឆ្នោតសភាកាលពីថ្ងៃពុធ ។

យោងតាមការអះអាងរបស់គណៈកម្មការរៀបចំការបោះឆ្នោតជាន់ខ្ពស់ឯករាជ្យ បានឲ្យដឹងថា ក្រុមចម្រុះរបស់លោក Sudani ទទួលបានសំឡេងឆ្នោត ១,៣១៧លានសំឡេង ។
មុននេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ថា លោក Sudani ឈរមុខគេ ដោយលើកឡើងពីប្រភពរបស់មន្រ្តីគណៈកម្មាធិការតំបន់ ២រូបដែលដឹងពីលទ្ធផលបោះឆ្នោត ។
ក្រោយជ័យជំនះរបស់លោក លោក Sudani និយាយថា ក្រុមចម្រុះរបស់លោកនឹងគិតគូរអត្ថប្រយោជន៍របស់អ្នកបោះឆ្នោតអ៊ីរ៉ាក់ទាំងអស់ ហើយនិងពលរដ្ឋអ៊ីរ៉ាក់ រួមទាំងអ្នកដែលធ្វើពហិការការបោះឆ្នោតផងដែរ ។
ក្រុមយុវជនខកចិត្តអ៊ីរ៉ាក់ជាច្រើន និយាយថា ពួកគេបានមើលឃើញការបោះឆ្នោតនេះថា ជាយានចម្លងសម្រាប់គណបក្សបានបង្កើតឡើង ដើម្បីបែងចែកធនធានប្រេងរបស់អ៊ីរ៉ាក់ ហើយពួកគេបានប្រកាសមុនការបោះឆ្នោតថា ពួកគេនឹងធ្វើពហិការការបោះឆ្នោតនេះ ៕
