សភារបស់ប្រទេសប៉ាគីស្ថាន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏សំខាន់ និងយ៉ាងទូលំទូលាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះ ដោយផ្តល់អភ័យឯកសិទ្ធិពេញមួយជីវិតដល់ប្រធានាធិបតី ក៏ដូចជាមេទ័ពបច្ចុប្បន្ន ជាចំណាត់ការដែលអ្នករិះគន់បានព្រមានថា នឹងបំផ្លាញការត្រួតពិនិត្យលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់តុលាការ។

វិសោធនកម្មលើកទី២៧ ដែលត្រូវបានអនុម័តដោយសំឡេងភាគច្រើន ២ភាគ៣ ក៏ពង្រឹងអំណាចយោធាក្រោមតួនាទីប្រមុខកងកម្លាំងការពារជាតិថ្មី និងបង្កើតតុលាការធម្មនុញ្ញសហព័ន្ធផងដែរ។
ការកែប្រែនេះ បានផ្តល់ឲ្យមេទ័ព លោក Asim Munir ដែលត្រូវបានដំឡើងឋានន្តរសក្ដិជាសេនាប្រមុខបន្ទាប់ពីមានការប៉ះទង្គិចគ្នារបស់ប៉ាគីស្ថានជាមួយឥណ្ឌា កាលពីខែឧសភា បញ្ជាលើកងទ័ព ទ័ពអាកាស និងកងទ័ពជើងទឹក។ រូបលោក និងទាហានជាន់ខ្ពស់ៗផ្សេងទៀត នឹងទទួលបានការការពារពេញមួយជីវិត។
នៅក្រោមវិសោធនកម្មនេះ មន្ត្រីណាម្នាក់ដែលត្រូវបានដំឡើងឋានន្តរស័ក្តិជាសេនាប្រមុខ សេនាប្រមុខទ័ពអាកាស ឬឧត្តមនាវីឯកនៃកងទ័ពជើងទឹក ឥឡូវនេះ នឹងបន្តឋានៈ និងមានបុព្វសិទ្ធិមួយជីវិត នៅតែជាសមាជិកយោធា ហើយទទួលបានអភ័យឯកសិទ្ធិការពារទល់នឹងនីតិវិធីព្រហ្មទណ្ឌ។ ការការពារបែបនេះ ពីមុនមានសម្រាប់តែប្រមុខរដ្ឋប៉ុណ្ណោះ៕
