ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានចុះសួរសុខទុក្ខទាហានអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅតំបន់ភាគអាគ្នេយ៍ Zaporizhzhia ។
លោក Zelenskiy បានបង្ហោះរូបភាពវីដេអូឃ្លីបខ្លីនៅលើបណ្តាញព័ត៌មានសង្គមរបស់លោក ឃើញរូបលោកនៅក្នុងលេណដ្ឋានជាមួយទាហានជាច្រើនរូប ។
លោកនិយាយថា លោកបានពិភាក្សាការសម្រេចចិត្តត្រូវការពង្រឹងការការពារអ៊ុយក្រែន រួមទាំងការបន្ថែមកងកម្លាំង និងគ្រឿងយុទ្ធោបករណ៍ ។

លោកថា អរគុណជាថ្មីម្តងទៀតសម្រាប់ការបម្រើជាតិរបស់អ្នករាល់គ្នា ។ ពួកយើងបានជួបជាមួយមេបញ្ជាការ ហើយនិងធ្វើអ្វីគ្រប់បែបយ៉ាង តាមដែលពួកយើងអាចធ្វើបាន ដើម្បីពង្រឹងកម្លាំងរបស់អ្នករាល់គ្នា ។
លោក Zelenskiy និយាយទៀតថា ពួកយើងដឹងពីបញ្ហាដែលអ្នករាល់គ្នាកំពុងជួប ។ ពួកគេពិតជាជួបដូចគ្នានៅគ្រប់ទិសដៅ ។ សូមថែរក្សាខ្លួន សិរីរុងរឿងដល់អ៊ុយក្រែន! ។
យោធាអ៊ុយក្រែន និយាយនៅក្នុងសប្តាហ៍នេះថា ស្ថានភាពនៅតំបន់ជួរមុខ Zaporizhzhia កាន់តែធ្ងន់ធ្ងរខ្លាំង ដោយទាហានរុស្ស៊ី ព្យាយាមពន្លឿនការរុលទៅមុខរបស់ពួកគេនៅទីនោះ ៕
