បណ្ដាប្រទេសអឺរ៉ុបខាងជើង និងបាល់ទិក នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះ បានប្រកាសថា ពួកគេនឹងបរិច្ចាគ ៥០០លានដុល្លារដល់គម្រោងដែលត្រូវបានបង្កើតឡើង ដើម្បីទិញអាវុធអាមេរិកផ្គង់ផ្គង់អ៊ុយក្រែន។
ហ្វាំងឡង់ ដាណឺម៉ាក អេស្តូនី អ៊ីស្លង់ ឡាតវី លីទុយអានី ន័រវែស និងស៊ុយអែត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា មូលនិធិនេះនឹងត្រូវបានបែងចែក សម្រាប់គ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវ ក្រោមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) របស់អង្គការណាតូ (NATO)។

យន្តការដែលអាចឲ្យមានការទិញស្តុកទុកនូវអាវុធរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យដំណើរការដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីខែកក្កដា។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា៖ «ការសន្យារួម ដើម្បីរួមចំណែកដល់គំនិតផ្តួចផ្តើម PURL នឹងពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសអឺរ៉ុបខាងជើង និងបាល់ទិក ក្នុងការគាំទ្រអ៊ុយក្រែន»។ លោកបានបន្ថែមថា៖ «វាគឺជារឿងសំខាន់ណាស់ដែលអ៊ុយក្រែនទទួលបានសម្ភារៈការពារដ៏សំខាន់យ៉ាងឆាប់រហ័សនោះ»។
តាមរយៈសេចក្តីថ្លែងការណ៍រួមនោះ ប្រទេសទាំងអស់បានបញ្ជាក់ថា៖ «សង្រ្គាមឈ្លានពានរបស់រុស្ស៊ី គឺជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខអឺរ៉ុប សហគមន៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ យើងនឹងមិនអនុញ្ញាតឲ្យការធ្វើបែបនោះទទួលបានជោគជ័យនោះឡើយ»៕
