នៅថ្ងៃព្រហស្បតិ៍នេះ អង់គ្លេស បានសម្រេចចិត្តជ្រើសរើសតំបន់ North Wales ជាទីតាំងសម្រាប់ស្ថានីយថាមពលនុយក្លេអ៊ែរម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច(SMR)លើកដំបូងរបស់ខ្លួន ស្របពេលដែលពួកគេបន្តផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរ ខណៈមានការរិះគន់ពីសហរដ្ឋអាមេរិក ។
រដ្ឋាភិបាលអង់គ្លេស និយាយកាលពីខែមិថុនាថា ពួកគេនឹងចំណាយថវិកា ៣,៣៦ពាន់លានដុល្លារលើម៉ាស៊ីនរ៉េអាក់ទ័រ SMR ដែលមានតម្លៃថោកជាង និងឆាប់រហ័សជាង ក្នុងការសាងសង់ បើធៀបនឹងរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំ ដោយមានគោលបំណងបង្កើនសន្តិសុខថាមពល និងជួយឈានដល់គោលដៅអាកាសធាតុ ។
ការសម្រេចចិត្តរបស់អង់គ្លេសជ្រើសរើសស្ថានីយ Wylfa ស្ថិតនៅលើកោះ Anglesey ក្នុងតំបន់ North Wales ជាទីតាំងសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រ SMR លើកដំបូង ត្រូវបានរិះគន់ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍ប្រើពាក្យសម្តីធ្ងន់ៗខុសពីធម្មតា នៅមុនថ្ងៃប្រកាស ។
សហរដ្ឋអាមេរិកបានជំរុញឲ្យមានគម្រោងខ្នាតធំនៅស្ថានីយ Wylfa គឺជាទីតាំងរបស់ស្ថានីយថាមពលនុយក្លេអ៊ែរចាស់ ដែលបានបិទដំណើរការកាលពីឆ្នាំ ២០១៥ ។
រដ្ឋាភិបាលចក្រភពអង់គ្លេស និយាយថា ការពង្រីកថាមពលនុយក្លេអ៊ែររបស់ខ្លួន អាចរួមបញ្ចូលផងដែរ ការសាងសង់រោងចក្រខ្នាតធំថ្មី ហើយពួកគេបានធ្វើការជាមួយក្រុមហ៊ុនរដ្ឋ GB Energy-Nuclear ក្នុងការស្វែងរកទីទាំងធំដ៏ស័ក្តិសម នៅនិទាឃរដូវ ឆ្នាំ ២០២៦ ៕