ប្រធានាធិបតីចិន លោក Xi Jinping នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20 នៅចុងខែនេះទេ ជាការសម្រេចមួយដែលនឹងក្លាយជាការប៉ះទង្គិចយ៉ាងធំដល់ម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូងដែលប្រឈមនឹងការធ្វើពហិការពីប្រធានាធិបតីអាមេរិក លោក Donald Trump រួចហើយ។
ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះថា នាយករដ្ឋមន្ត្រី លោក Li Qiang នឹងតំណាងឲ្យប្រទេសតំបន់អាស៊ីមួយនេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំដែលចាប់ផ្តើមនៅទីក្រុង Johannesburg នាថ្ងៃទី២២ ខែវិច្ឆិកា។ សេចក្តីថ្លែងការណ៍មិនបានពន្យល់ពីមូលហេតុដែលលោក Xi ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះកាលពីឆ្នាំមុន នឹងអវត្តមាននៅពេលនេះនោះទេ។
ការសម្រេចចិត្តរបស់លោក Xi មានន័យថា កិច្ចប្រជុំកំពូលដែលបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ហើយជាទូទៅមានការចូលរួមដោយប្រមុខរដ្ឋ នឹងបាត់មុខមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ និងមេដឹកនាំនៃប្រទេសសមាជិកមួយទៀត គឺរុស្ស៊ី។ មុននេះ លោក Trump បាននិយាយថា គ្មានមន្ត្រីអាមេរិកណាម្នាក់ នឹងចូលរួមព្រឹត្តិការណ៍នេះនោះទេ បន្ទាប់ពីលោកបានរិះគន់អាហ្វ្រិកខាងត្បូង ដោយចោទប្រកាន់ថា បានធ្វើបាបជនជាតិអាហ្រ្វិកខាងត្បូងស្បែកស (ជនជាតិភាគតិចនិយាយភាសា Afrikaan)។
ការធ្វើដំណើររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែត្រូវបានកម្រិតដោយសារដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ៕