បណ្ដាអ្នកនយោបាយបានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះថា រដ្ឋាភិបាលចម្រុះរបស់ប្រទេសអាល្លឺម៉ង់ បានព្រមព្រៀងគ្នាលើគំរូសេវាកម្មបម្រើយោធាដោយស្ម័គ្រចិត្តថ្មី បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាច្រើនសប្តាហ៍ ជុំវិញថា តើគួរតែមានបញ្ចូលលក្ខខណ្ឌជាកាតព្វកិច្ចដែរ ឬទេ។
នៅក្រោមផែនការនេះ បុរសអាយុ ១៨ឆ្នាំទាំងអស់ ចាប់ពីឆ្នាំក្រោយទៅ នឹងត្រូវបំពេញតារាងឆ្លើយសំណួរ អំពីថា តើពួកគេចង់ចូលបម្រើ និងឆ្លងកាត់ការធ្វើតេស្តរាងកាយកងកម្លាំងប្រដាប់អាវុធដែរ ឬទេ។
តែរដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បាននិយាយថា គ្មានអ្នកណាម្នាក់នឹងត្រូវបង្ខំឲ្យចូលរួមជាមួយ Bundeswehr (កងទ័ពអាល្លឺម៉ង់) នោះទេ។ ជំនួសវិញ លោកបានគាំទ្រដល់យុទ្ធនាការធ្វើឲ្យការបម្រើយោធាកាន់តែទាក់ទាញ ដើម្បីទាក់ទាញបុរស និងស្ត្រីបន្ថែមទៀតចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត។
លោកអធិការបតី Friedrich Merz បានធ្វើឲ្យការជំរុញយោធារបស់អាល្លឺម៉ង់ក្លាយជាអាទិភាពចម្បង ដោយលើកឡើងពីអរិភាពបង្កឡើងដោយរុស្ស៊ី និងភាពមិនច្បាស់លាស់អំពីការប្តេជ្ញាចិត្តសន្តិសុខរបស់អាមេរិក នាពេលអនាគត ចំពោះអឺរ៉ុប។ លោកបានចាត់វិធានការ ដើម្បីបង្កើនការចំណាយលើវិស័យយោធាយ៉ាងឆាប់រហ័ស ហើយបានប្តេជ្ញាប្រែក្លាយ Bundeswehr ទៅជា «កងទ័ពប្រពៃណីដ៏ខ្លាំងបំផុតជាងគេ នៅអឺរ៉ុប»៕