ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ពិបាកដកដង្ហើម មានចម្ងាយរាប់រយគ.មឆ្ងាយពីគ្នា ប្រជាកសិករនៅរដ្ឋ Punjab កំពុងដុតកាកសំណល់កសិកម្មរបស់ពួកគេ ធ្វើឲ្យមានសំណុំផ្សែងយ៉ាងក្រាស់នៅពីលើវាលស្រែរបស់ពួកគេ ស្របពេលដែលពួកគេត្រៀមបង្កបង្កើនផលសម្រាប់រដូវសាបព្រួសក្រោយ ។
កម្រិតគុណភាពខ្យល់នៅក្នុងទីក្រុងញូវដែល្លី នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់នាថ្ងៃព្រហស្បតិ៍ ទី នេះ ដោយមានកម្រិតភាគល្អិត PM 2.5 ។
លោក Ashish អ្នកស្រុកម្នាក់បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដែលមានការកង្វក់បរិយាកាសដ៏អាក្រក់បែបនេះនៅពេលព្រឹក ។ លោកថា រដ្ឋាភិបាលត្រូវតែចាត់វិធានការដើម្បីដោះស្រាយកង្វក់បរិយាកាសនេះ ។
រដ្ឋបាលក្រុងញូវដែល្លី បានដាក់បម្រាមលើការងារសំណង់ដែលមិនសំខាន់ក្នុងចំណោមវិធានការផ្សេងៗទៀតដើម្បីដោះស្រាយជាមួយនឹងការកើនឡើងកម្រិតកង្វក់បរិយាកាសនេះ ។
ផ្ទៃមេឃនៅក្នុងស្រុក Mansa រដ្ឋ Punjab ដែលមានចម្ងាយប្រហែល ៣០០គ.មពីរដ្ឋធានីញូវដែល្លី គ្របដណ្តប់ដោយផ្សែងអ័ព្ទពណ៌លឿងទុំ ជាមួយសំណុំផ្សែងផុសចេញពីវាលស្រែកំពុងឆេះ ឆ្លុះបញ្ចាំងពីសកម្មភាពនៅមាន បើទោះបីជាមានវិធានការបង្រ្កាបរបស់រដ្ឋាភីបាលឥណ្ឌាក៏ដោយ ។
លោក Deedar Singh គឺជាកសិករវ័យ ៤៦ឆ្នាំម្នាក់នៅស្រុក Mansa និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កសិករងាកទៅរកការដុតកាកសំណល់កសិកម្មដោយបង្ខំដោយសារពួកគេគ្មានជម្រើសផ្សេង ។ លោកថា ពួកយើងពុំមានមធ្យោបាយបោះចោលកាកសំណល់កសិកម្មរបស់ពួកយើងទេ ដោយសារខ្វះថវិកា និងម៉ាស៊ីន ។
សូមបញ្ជាក់ថា រាល់រដូវរងាត្រជាក់ ខ្យល់បក់ខ្លាំង ធូលីសំណង់ ការបំភាយឧស្ម័នចេញពីរថយន្ត និងផ្សែងហុយចេញពីការដុតភ្លើងនៅកសិដ្ឋានទូទាំងទីក្រុង New Delhi និងសង្កាត់ជុំវិញ បណ្តាលឲ្យអ្នកស្រុករាប់លាននាក់ក្នុងទីក្រុងជួបប្រទះបញ្ហាផ្លូវដង្ហើម ៕