អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong កាលពីថ្ងៃព្រហស្បតិ៍ បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងប្រទេសចិន។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បាននិយាយថា ការប្រើប្រាស់កម្លាំងរបស់ចិនដីគោកលើកោះតៃវ៉ាន់អាចបង្កើតជា ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត" សម្រាប់ប្រទេសជប៉ុន។ ក្នុងអំឡុងការជជែកដេញដោលលម្អិតនៅសភា មានរបាយការណ៍ថាលោកស្រី Takaichi បាននិយាយថា ការអត្ថាធិប្បាយរបស់លោកស្រីស្របនឹងជំហររបស់រដ្ឋាភិបាល ហើយលោកស្រីនឹងមិនដកចេញទេ។
លោក Sun និយាយថា ការអត្ថាធិប្បាយរបស់លោកស្រីបានបង្កប់ន័យពីលទ្ធភាពនៃការអន្តរាគមន៍ប្រដាប់អាវុធនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ទោះបីជាមានការតវ៉ាយ៉ាងខ្លាំងក្លាពីប្រទេសចិនក៏ដោយ ក៏លោកស្រីនៅតែបដិសេធមិនផ្លាស់ប្តូរទិសដៅ ឬដកអ្វីដែលលោកស្រីបាននិយាយដែរ។
អនុរដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានតវ៉ាយ៉ាងខ្លាំង និងធ្វើការតំណាងយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន។
លោកបន្ថែមថា ការអត្ថាធិប្បាយខុសឆ្គងទាំងនេះ បង្កើតបានជាការជ្រៀតជ្រែកយ៉ាងច្បាស់លាស់ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំលោភលើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ តំណាងឱ្យការញុះញង់ដោយផ្ទាល់ចំពោះសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទីពីរ និងរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងគោលការណ៍ណែនាំដែលបានគូសបញ្ជាក់ក្នុងឯកសារនយោបាយចិន-ជប៉ុនចំនួនបួន។លោកបានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយជាខ្សែបន្ទាត់ក្រហមដំបូងដែលមិនត្រូវឆ្លងកាត់ក្នុងទំនាក់ទំនងចិន-ជប៉ុនឡើយ៕

