ប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) ថា ជនជាតិអាហ្វហ្គានីស្ថាន បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២ករណី ក្នុងទឹកដីរបស់ខ្លួននៅសប្តាហ៍នេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរ ជុំវិញអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ។

រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានប្រាប់សភាថា៖ ការពាក់ព័ន្ធរបស់ជនជាតិអាហ្វហ្គានីស្ថានក្នុងការវាយប្រហារ — លើកទីមួយនៅខាងក្រៅតុលាការក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ និងមួយករណីទៀតនៅសាលាយោធា នៅសប្ដាហ៍នេះ — គឺជា "ក្តីបារម្ភដ៏ធំ និងធ្ងន់ធ្ងរបំផុតរបស់ប៉ាគីស្ថាន"។

រដ្ឋមន្រ្តីរូបនេះបានធ្វើការចោទប្រកាន់ជាថ្មីម្ដងទៀតថា រដ្ឋបាលតាលីបង់របស់អាហ្វហ្គានីស្ថាន កំពុងគាំទ្រពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម ដែលវាយប្រហារប៉ាគីស្ថាន។ យ៉ាងណាមិញ ពួកតាលីបង់អាហ្វហ្គានីស្ថាន - ដែលឡើងកាន់អំណាចនៅឆ្នាំ២០២១ ហើយថែមទាំងចោទទៅប៉ាគីស្ថានវិញថាបានគាំទ្រពួកសកម្មប្រយុទ្ធ ISIS-KP ក្នុងទឹកដីរបស់ខ្លួន - បានបន្តបដិសេធវត្តមានរបស់ពួកសកម្មប្រយុទ្ធប៉ាគីស្ថាន នៅលើដីអាហ្វហ្គានីស្ថាន។
គួរឱ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅជិតប៉ុស្តិ៍នគរបាលល្បាត ខាងក្រៅតុលាការជាន់ទាបក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ១២នាក់ និងរបួសជិត ៣០នាក់។ ជនបំផ្ទុះគ្រាប់បែកម្នាក់ទៀត បានបើករថយន្តដឹកគ្រឿងផ្ទុះបំបុកចូលទៅច្រកទ្វារសំខាន់នៃសាលាយោធាមួយក្នុងសង្កាត់ South Waziristan របស់ប៉ាគីស្ថាន ក្បែរព្រំដែនអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្ស ៣នាក់៕