ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) បានរើសយកតំបន់ North Wales ក្នុងដែនដីវែលស៍របស់ខ្លួន ដើម្បីសាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរខ្នាតតូចលើកដំបូង ដោយបង្កជាការខឹងសម្បារពីសហរដ្ឋអាមេរិក ដែលក៏ចង់សង់រោងចក្រធំមួយនៅទីនោះ ជាផ្នែកនៃការចូលរួមកាន់តែច្រើនទៅក្នុងវិស័យថាមពលរបស់ចក្រភពអង់គ្លេស។

អង់គ្លេស បានគាំទ្រដល់ការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMR) ជាមធ្យោបាយមួយដើម្បីបង្កើនសុវត្ថិភាពថាមពលឆាប់រហ័ស និងតម្លៃថោក ហើយអាចបំពេញតាមគោលដៅអាកាសធាតុ ខណៈក្រុមហ៊ុនវិស្វកម្មដ៏ល្បីល្បាញឈ្មោះ Rolls-Royce ជាអ្នកដឹកនាំគម្រោង។ រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំ អាចចំណាយពេលរាប់ទសវត្សរ៍ដើម្បីសាងសង់។
ការសម្រេចចិត្តជ្រើសរើសទីតាំង Wylfa លើកោះ Anglesey ក្នុងតំបន់ North Wales ដែលមានស្ថានីយ៍នុយក្លេអ៊ែរចំណាស់មួយសម្រាប់រ៉េអាក់ទ័រខ្នាតតូច SMR បែបនេះ បានទាក់ទាញការខឹងសម្បារយ៉ាងខ្លាំងពីអាមេរិក ដែលតែងរិះគន់យុទ្ធសាស្ត្រថាមពលរបស់អង់គ្លេសថាបំប៉ោងតម្លៃ និងធ្វើឱ្យអង់គ្លេសទាំងមូល ចុះខ្សោយ។ ឯកអគ្គរដ្ឋទូតអាមេរិក លោក Warren Stephens បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "វ៉ាស៊ីនតោនខកចិត្តណាស់ចំពោះការសម្រេចចិត្តនេះ — ដោយសារតែមានជម្រើសថោកជាង និងលឿនជាងនេះ ត្រូវអនុម័តរួចទៅហើយនៅទីតាំងតែមួយ"។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យក្រុមហ៊ុនថាមពលរបស់ខ្លួន ឈ្មោះ Westinghouse ដឹកនាំគម្រោងទ្រង់ទ្រាយធំមួយនៅទីតាំង Wylfa ប៉ុន្តែចក្រភពអង់គ្លេស បែរជាជ្រើសរើសរ៉េអាក់ទ័រខ្នាតតូច SMR ដែលខ្លួនសាងសង់ នៅលើកោះដែនដីវែលស៍ទៅវិញ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងពិចារណាសាងសង់រោងចក្រខ្នាតធំថ្មីនៅកន្លែងផ្សេងទៀត៕

