ការស្ទង់មតិមួយរបស់សារព័ត៌មានអង់គ្លេស រ៉យទ័រ ទៅលើក្រុមសេដ្ឋវិទូ បានបង្ហាញឱ្យឃើញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាដាំក្បាលចុះយ៉ាងខ្លាំងក្លាជាថ្មីម្ដងទៀតនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥នេះ ដោយសារតែការចំណាយទន់ខ្សោយរបស់ប្រជាជន និងភាពមិនប្រាកដប្រជាក្នុងស្រុក បានលុបកំណើនពីការនាំចេញ។

ដោយសារបន្ទុកបំណុលខ្ពស់និងទំនុកចិត្តអាជីវកម្មដ៏ផុយស្រួយ — ការប្រើប្រាស់ឯកជន ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចថៃ បានធ្លាក់ចុះយ៉ាងត្រដាបត្រដួស។ ទិន្នន័យរបស់ធនាគារកណ្តាលប្រទេសនេះ បានបង្ហាញថា ការចំណាយបានធ្លាក់ចុះ ០,២% ក្នុងខែកក្កដា និង ០,៨% ក្នុងខែកញ្ញា ខណៈតួលេខខែសីហា បានឈរនៅទ្រឹង។
យោងតាមការស្ទង់មតិរបស់រ៉យទ័រ ធ្វើឡើងនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា លើសេដ្ឋវិទូជាច្រើន បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ថៃ បានពង្រីកខ្លួនត្រឹមតែ ១,៦% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន ក្នុងត្រីមាសទី៣ ពោលគឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ។ តួលេខនេះជាការធ្លាក់ចុះជិតទ្វេដងពីអត្រា ២,៨% នៅក្នុងត្រីមាសទីពីរ ដែលបានមើលឃើញទិន្នន័យដ៏លំបាករួចទៅហើយ។
គិតតាមត្រីមាស លើមូលដ្ឋានដែលកែតម្រូវតាមរដូវកាល ការស្ទង់មតិនេះបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ក៏ទំនងជាធ្លាក់ចុះ ០,៣% ផងដែរ បន្ទាប់ពីការពង្រីក ០,៦% ដ៏ស្ដួចស្ដើង ក្នុងខែមេសា ដល់ខែមិថុនា៕