មន្ទីរបញ្ចកោណ បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តលទ្ធភាពនៃការលក់គ្រឿងយុទ្ធោបករណ៍បរទេស ទៅឱ្យកោះតៃវ៉ាន់ នូវគ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំង ក្នុងតម្លៃ ៣៣០លានដុល្លារ នៅក្នុងអ្វីដែលអាចជាលទ្ធភាពទិញលក់បែបនេះជាលើកដំបូងបំផុត ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងជាថ្មីនៅក្នុងខែមករា មក។

មន្ទីរបញ្ចកោណ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ការទិញលក់ដែលបានស្នើឡើងនេះ នឹងពង្រឹងសមត្ថភាពរបស់អ្នកទទួល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត ដោយរក្សាការត្រៀមខ្លួនប្រតិបត្តិការនៃកងយន្តហោះចម្បាំង F-16, C-130 របស់អ្នកទទួល" និងយន្តហោះដទៃទៀត។ មន្ទីរបញ្ចកោណបន្ថែមថា "ការទិញលក់ដែលបានស្នើឡើងនេះ គឺស្របតាមច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក"។
ការប្រកាសនៃលទ្ធភាពលក់សព្វាវុធនេះ បានកើតឡើងបន្ទាប់ពីលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាគ្នាកាលពីចុងខែតុលា នៅកូរ៉េខាងត្បូង ក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួន។ ប្រទេសចិន តែងរិះគន់ជំនួយយោធារបស់អាមេរិក ដល់កោះនេះ ដោយនិយាយថា កញ្ចប់ជំនួយទាំងឡាយ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ "គោលការណ៍ចិនតែមួយ" និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន និងសហរដ្ឋអាមេរិក៕

