យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo លើទីតាំងប្រេងរបស់រុស្ស៊ីក្នុងរលកវាយប្រហារថ្មីទាំងយប់ជ្រៅ។

អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះរួមមានការបាញ់ផ្លោងលើស្ថានីយប្រេង Morskoy Neftyanoy ក្នុងតំបន់ Crimea ដែលរុស្ស៊ីកាន់កាប់ និងឃ្លាំងប្រេងមួយនៅក្នុងតំបន់ Zaporizhzhia ដែលរុស្ស៊ីកាន់កាប់ដូចគ្នា។

ការវាយប្រហារនេះបានកើតឡើង ខណៈមេបញ្ជាការយោធាជាន់ខ្ពស់លោក Oleksandr Syrskyi បាននិយាយថា កងទ័ពរុស្ស៊ីបានដណ្ដើមយកតំបន់លំនៅឋានចំនួនបីនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ហើយអង្គភាពអ៊ុយក្រែនត្រូវបានស្ថិតក្នុងសមរភូមិដ៏លំបាកក្នុងការទប់ទល់នឹងការវាយលុក។
យោធាបាននិយាយថា យប់មិញ ប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយជាច្រើនត្រូវបានដាក់ឱ្យដំណើរការ រួមទាំងមីស៊ីល Flamingo មីស៊ីល Bars និងមីស៊ីល Lyutyi ដែលផលិតក្នុងស្រុក។

ប្រភពខាងលើនេះបានបន្ថែមថា ទំហំនៃការខូចខាតនៅតែកំពុងត្រូវបានវាយតម្លៃ។
ការវាយប្រហារនេះដែរបានកើតឡើងខណៈកងកម្លាំងអ៊ុយក្រែនបានដកថយពីទីតាំងជាច្រើននៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងអាកាសធាតុមិនអំណោយផល។
រុស្ស៊ីកំពុងទាញយកអត្ថប្រយោជន៍ពីអាកាសធាតុអាប់អួនេះ ដើម្បីវាយរុលទៅមុខជាក្រុមតូចៗ ដោយធ្វើដំណើរដោយថ្មើរជើង ឬទោចក្រយានយន្ត ខណៈអាកាសធាតុអាក្រក់បានរារាំងកងកម្លាំងអ៊ុយក្រែនពីការដាក់ពង្រាយយានដ្រូនប្រឆាំងនឹងពួកគេ៕