ប្រព័ន្ធផ្សព្វផ្សាយBBC របស់ចក្រភពអង់គ្លេសបានសូមអភ័យទោសលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា សម្រាប់ការកែសម្រួលសុន្ទរកថាដែលវាមើលទៅដូចជាថាលោកបានគាំទ្រអំពើហិង្សា ដោយបានទប់ស្កាត់ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះសកម្មភាពផ្លូវច្បាប់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនេះ បានច្រានចោលមូលដ្ឋានសម្រាប់ការអះអាងពីការបរិហារកេរ្តិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា ប្រធានរបស់ខ្លួន លោក Samir Shah បានផ្ញើលិខិតផ្ទាល់ខ្លួនមួយច្បាប់ទៅកាន់សេតវិមានដោយបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Trump ថា លោកនិងសាជីវកម្ម «សូមអភ័យទោស» សម្រាប់ការកែសម្រួលនេះ ប្រព័ន្ធផ្សព្វផ្សាយនេះគ្មានផែនការផ្សព្វផ្សាយឡើងវិញនូវវីដេអូឯកសារ Panorama នៅលើវេទិកាណាមួយរបស់ខ្លួនឡើយ។ BBC បាននិយាយថា «ខណៈ BBC មានការសោកស្តាយដោយស្មោះចំពោះលក្ខណៈដែលវីដេអូឃ្លីបនេះត្រូវបានកែសម្រួល ប៉ុន្តែយើងមិនយល់ស្របនោះទេដែលថាមានមូលដ្ឋានសម្រាប់ការអះអាងពីការបរិហារកេរ្តិ៍» ។

មេធាវីរបស់លោក Trump បានប្រាប់ BBC ឱ្យដកកម្មវិធីវីដេអូឯកសារPanorama សុំអភ័យទោសប្រធានាធិបតី និងផ្តល់សំណងសមរម្យដល់លោកសម្រាប់ការខូចខាតដែលបានបង្កឡើង បើមិនដូច្នេះទេត្រូវប្រឈមនឹងបណ្តឹងទាមទារសំណងពីការខូចខាតយ៉ាងហោចណាស់១ពាន់លានដុល្លារ។