រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសកាណាដាសង្ឃឹមថានឹងកសាងឡើងវិញនូវទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសឥណ្ឌា ខណៈប្រទេសទាំងពីរស្វែងរកការបត់ទំព័រលើជម្លោះផ្នែកការទូតរយៈពេលជាច្រើនឆ្នាំដែលជាប់ទាក់ទងទៅនឹងការសម្លាប់សកម្មជនសាសនាស៊ីកជនជាតិកាណាដាម្នាក់។

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Maninder Sidhu បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ថា លោកមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា លោក Piyush Goyal នៅទីក្រុងញូវដែលី។

លោក Sidhu ដែលកំពុងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសឥណ្ឌាបាននិយាយថា «កិច្ចប្រជុំបានដំណើរការទៅយ៉ាងល្អ។ យើងបានផ្តោតសំខាន់លើវិស័យជាច្រើនដូចជា លំហអាកាស បច្ចេកវិទ្យាAI រ៉ែសំខាន់ៗ ថាមពល កសិកម្ម និងអ្វីៗដែលយើងអាចធ្វើបានច្រើនជាងនេះ»។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីរូបនេះ គឺជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្រិតខ្ពស់បំផុតមួយរវាងប្រទេសកាណាដានិងឥណ្ឌា ចាប់តាំងពីការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីត្រូវបានបញ្ឈប់កាលពីឆ្នាំ២០២៣ ជុំវិញការចោទប្រកាន់ថាប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក ជនជាតិកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា នៅពេលនោះ លោក Justin Trudeau បាននិយាយថាមាន «ទំនាក់ទំនងគួរឱ្យទុកចិត្តបាន» រវាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងការធ្វើឃាតលើ លោក Hardeep Singh Nijjar នៅក្នុងខេត្ត British Columbia កាលពពីខែមិថុនា ឆ្នាំ២០២៣។