កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំ ផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ បំប្លែងថ្មី និងបន្តបន្ទាប់ និងពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មកពី១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក បាននាំយកអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤៨៩នាក់ បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ កំពុងរៀនរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី ។
ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិ និងមាតុភូមិរបស់យើង ក្នុងការចូលរួមកាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាលមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ រៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។
មានមតិស្វាគមន៍ទៅកាន់ប្រជាពលរដ្ឋ ក្នុងឃុំកងតាណឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ថោង បូរ៉ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក កងតាណឹង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយ ដែលមានគ្រូពេទ្យជំនាញៗ និងមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេស មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗ របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនខ្លាចពីការនឿយហត់ឡើយ ។
ប្រជាពលរដ្ឋ បានថ្លែងអំណរ គុណជាខ្លាំងជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយកពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋគឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ មួយចំណែកផងដែរ៕ រូបភាព អត្ថបទ រដ្ឋា