បាល់ទាត់៖ កំពុងតែមានទំរង់លេងល្អជាមួយ Newcastle ខ្សែការពារស្លាបស្តាំអង់គ្លេស Kieran Trippier បានរងរបួសទៅហើយដែលនឹងធ្វើឱ្យគេអវត្តមានពីក្រុមមួយរយៈ។ កីឡាករជំរើសជាតិអង់គ្លេសដែលផ្លាស់មកកាន់ Newcastle កាលពីខែមករាក្នុងតម្លៃ ១២លានផោនពី Atletico Madrid រូបនេះគឺជាអ្នកស៊ុតបញ្ចូលទីបាល់ហ្វ្រីឃីកយកឈ្នះ Aston Villa ១-០ កាលពីថ្ងៃអាទិត្យមុនត្រូវផ្លាស់ចេញនៅនាទីទី៤៨។
Newcastle បានបញ្ជាក់ថា ក្រោយពីធ្វើការពិនិត្យឃើញថា Trippier បានរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេង។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ ក្រោយចូលលេងឱ្យ Newcastle ពោលគឺគេជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះលើ Everton និង Aston Villa។ Newcastle រកបាន ១០ពិន្ទុពីការប្រកួត ៤លើកនៅ Premier League ដែលមានវត្តមាន Trippier និងឡើងផុតពីតំបន់គ្រោះថ្នាក់ ៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ