ទឹកជំនន់ទ្រង់ទ្រាយធំកំពុងតែវាយប្រហារប្រទេសថៃ តាមខេត្តជាច្រើននៅភាគកណ្ដាល ដោយបង្កការជន់លិចយ៉ាងទូលំទូលាយបំផុត។ សហគមន៍ដ៏ធំមួយនៅក្នុងខេត្ត Sing Buri ភាគកណ្តាលរបស់ប្រទេសនេះ បានលិចលង់ក្នុងទឹកជំនន់ដែលហូរហៀរពីទន្លេចៅប្រះយ៉ា បន្ទាប់ពីទំនប់ទឹកបានធ្លាយ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា)។

ខ្សែវីដេអូបានបង្ហាញឱ្យឃើញផ្ទះសម្បែង វត្តអារាម និងសាលាខេត្តក្នុងស្រុក Inburi នៃខេត្ត Sing Buri ត្រូវបានជន់លិចដោយទឹកជំនន់កម្ពស់ជាង ២ម៉ែត្រ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ។ ឥទ្ធិពលដែលមិនទាន់រលត់របស់ព្យុះទីហ្វុង Kalmaegi បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចនៅក្នុងតំបន់មួយចំនួននៃភាគឦសាន និងភាគកណ្តាលរបស់ថៃ។
ជាមួយគ្នានេះ ទីភ្នាក់ងាររដ្ឋាភិបាលរបស់ថៃ ក៏បានចេញផ្សាយទិន្នន័យបច្ចុប្បន្នភាពផ្កាយរណប ដែលបង្ហាញឱ្យឃើញទឹកជំនន់យ៉ាងទូលំទូលាយនៅទូទាំងខេត្តនានានៅភាគកណ្តាលរបស់ប្រទេស។ យោងតាមរបាយការណ៍នេះ ផ្ទៃដីជន់លិចសរុបមានប្រមាណ ៣,៧លានហិកតា ដែលលាតសន្ធឹងយ៉ាងល្វឹងល្វើយលើផ្នែកនានានៃខេត្តចំនួន១៧ ទូទាំងប្រទេស៕


