អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការអះអាងប្រឆាំងទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ថ្មីៗនេះ ដោយហៅការអះអាងទាំងនោះថា «គ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ»។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃពុធ នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់ពួកគេ នៅក្នុងតំបន់ Niagara នៃប្រទេសកាណាដា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសអ៊ីរ៉ង់ ចំពោះការអះអាងផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងបានជំរុញឲ្យទីក្រុងតេអេរ៉ង់គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបន្តកិច្ចសហប្រតិបត្តិការពេញលេញ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រួមទាំងតាមរយៈការអនុញ្ញាតឲ្យមានការត្រួតពិនិត្យរោងចក្រ និងសម្ភារៈនុយក្លេអ៊ែរទាំងអស់។

ពួកគេក៏បានជំរុញឲ្យអ៊ីរ៉ង់ចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា ជា ប្រទេសE3 ហើយបានអំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេ បន្ទាប់ពីការធ្វើឲ្យមានសកម្មភាពឡើងវិញននូវយន្តការផ្លូវច្បាប់ ដែលបានស្ដារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ នៅក្នុងខែកញ្ញា។
លោក Baghaei បានថ្កោលទោសប្រទេស G7 ចំពោះជំហរ «មិនទទួលខុសត្រូវ» របស់ពួកគេ ក្នុងការគាំទ្រអ្វីដែលលោកហៅថា សកម្មភាព «ខុសច្បាប់ និងមិនសមហេតុផល» ដោយប្រទេស E3 និងសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ខុសយន្តការដោះស្រាយជម្លោះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដើម្បីស្ដារឡើងវិញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់៕