រដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់-សៃបានី (Asaad Al-Shaibani) បានលើកទង់ជាតិថ្មីរបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី នៅស្ថានទូតរបស់ប្រទេសនេះ នៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការប្រារព្ធពិធីបើកអគារការទូតឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល ១២ ឆ្នាំ។

បន្ទាប់ពីការដួលរលំនៃរបបរបស់លោក បាសា អាល់-អាសាដ (Bashar al-Assad) ជិតមួយឆ្នាំកន្លងទៅនេះ អាជ្ញាធរថ្មីនៅទីក្រុងដាម៉ាស បានអនុម័តទង់ជាតិពណ៌ស ខ្មៅ និងបៃតង ដែលមានផ្កាយបី ជំនួសឲ្យទង់ជាតិពណ៌ស ខ្មៅ និងក្រហមពីមុន ជាមួយនឹងផ្កាយពីរនោះ។

លោក អាល់-សៃបានី បានលើកទង់ជាតិនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ កាលពីខែមេសា ដោយជំនួសទង់ជាតិចាស់របស់សាធារណរដ្ឋអារ៉ាប់។
យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី លោកគ្រោង នឹងធ្វើការពិភាក្សា ជាមួយមន្ត្រីអង់គ្លេសជាច្រើនរូប ខណៈពេលដែលលោក នៅទីក្រុងឡុងដ៍។
លោក អាល់-សៃបានី បានជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ ទៅកាន់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ រួមជាមួយលោក Ahmad Al-Sharaa ដែលបានក្លាយជាប្រធានាធិបតីស៊ីរីដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ចសេតវិមាន ដែលជាការប្រារព្ធពិធីបើកសករាជថ្មីសម្រាប់ប្រទេសនេះ បន្ទាប់ពីរបបរបស់លោក អាសាដ បានដួលរលំ៕