ភ្នំពេញ៖ អាជីវករលក់ដូរបណ្តាផ្សារក្នុងនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី៤ រួចរាល់។
បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច អាជីវករលក់ដូរបណ្តាផ្សារក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់ BTV ឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៤ ពិតជារឿងសំខាន់ ព្រោះជួយបង្កើនអង់ទីគ័របន្ថែមទៀតទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ លើសពីនេះវ៉ាក់សាំងក៏បានជួយបង្កើនទំនុកចិត្ត កាត់បន្ថយភាពភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការប្រកបរបរប្រចាំថ្ងៃផងដែរ។
លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានឱ្យដឹងដែរថា សម្រាប់អាជីវករលក់ដូរក្នុងផ្សារបឹងកេងកងភាគច្រើនបានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ រួចរាល់ ខណៈជីវករមួយចំនួនទៀត មិនទាន់ដល់ពេលត្រូវចាក់ និងបញ្ហាសុខភាព។
ក្រៅពីនេះ លោក បន្តក្រើនរំលឹក អាជីវរកត្រូវបន្តអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ បើទោះបីចាក់វ៉ាក់សាំងដូសទី៤រួចក្តី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។
សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង រាប់ពីដូសទី១ ដល់ដូសទី៤ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ បាននៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅជាមួយកាត់ចាក់វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ