រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានថ្កោលទោសការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ ដោយហៅវាថា ជាផែនការអរិភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។

លោកស្រី បានថ្លែងថា៖«ខ្ញុំសូមសម្តែងការមិនពេញចិត្ត និងការសោកស្តាយទាំងស្រុងចំពោះឧបាយកលអរិភាពរបស់រដ្ឋមន្ត្រីការបរទេស G7 ដែលជាការរំលោភបំពានដោយផ្ទាល់ ទៅលើរដ្ឋធម្មនុញ្ញនៃរដ្ឋរបស់យើង» ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស G7 ដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសកាណាដា។ ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ជាក់ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
លោកស្រី បានហៅបំណងប្រាថ្នារបស់ក្រុមប្រទេស G7 សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរថា ជាការបង្ហាញពី «ភាពអសកម្មនៃការគិត» ពីព្រោះសហគមន៍អន្តរជាតិ «យល់ពីភាពមិនអាចទៅរួចរបស់ខ្លួននោះ។
លោកស្រី Choe Son Hui បានលើកឡើងថា៖«គ្មាននរណាម្នាក់ មានសិទ្ធិបង្ខំយើងឲ្យរំលោភលើរដ្ឋធម្មនុញ្ញនោះទេ ហើយគ្មាននរណាម្នាក់ អាចព្យាយាមកែប្រែវាបានទេ»។

«ស្ថានភាពបច្ចុប្បន្នរបស់កូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ ក្រោមឥទ្ធិពលនៃវោហាសាស្ត្រ និងការទទូចពីខាងក្រៅ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាក នាពេលបច្ចុប្បន្ននេះ ការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីទប់ទល់បណ្តារដ្ឋដ៏គ្រោះថ្នាក់បំផុត»។
លោកស្រី Choe Son Hui បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់ចំពោះការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពីក្រុមប្រទេស G7 ដែលលោកស្រីហៅថា «សម្ព័ន្ធភាពនុយក្លេអ៊ែរ»។ លោកស្រី បានបញ្ជាក់ជាថ្មីថា កូរ៉េខាងជើង នឹងកាន់កាប់អាវុធនុយក្លេអ៊ែររហូតដល់ «ការគំរាមកំហែងនុយក្លេអ៊ែរពីកម្លាំងខាងក្រៅ ត្រូវបានបញ្ចប់ ដរាបណាមានកម្លាំងដែលចាត់ទុកអាវុធនុយក្លេអ៊ែរ ជាមធ្យោបាយនៃការគាបសង្កត់របស់ពួកគេ»៕