ទូរទស្សន៍ CBS បានរាយការណ៍ ដោយដកស្រង់ប្រភពថា យោធាអាមេរិកបានផ្តល់ជម្រើសថ្មីៗ ដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ប្រតិបត្តិការដែលអាចកើតមាននៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា រួមទាំងការវាយប្រហារលើដីគោកផងនោះ។

ទូរទស្សន៍នេះ បានបញ្ជាក់ថា យោងតាមប្រភព ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth នាយអគ្គសេនាធិការចម្រុះ លោក Dan Caine និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានជម្រាបជូនលោកប្រធានាធិបតីអំពីជម្រើសយោធាសម្រាប់ថ្ងៃខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មានផែនការបន្តប្រើប្រាស់កម្លាំង ដែលមានគោលបំណងទប់ស្កាត់ការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ការ៉ាអ៊ីប។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានចូលទៅក្នុងតំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការភាគខាងត្បូងនៃ សហរដ្ឋអាមេរិក ដែលរួមមានអាមេរិកកណ្តាល និងខាងត្បូង ក៏ដូចជាតំបន់ការ៉ាអ៊ីប។ ទីភ្នាក់ងារនេះ បានបន្ថែមថា៖«កងកម្លាំងទាំងនេះ នឹងពង្រឹង និងបង្កើនសមត្ថភាពដែលមានស្រាប់ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងកម្ទេចនិងរុះរើអង្គការឧក្រិដ្ឋកម្មឆ្លងដែន»។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី ០១ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក កំពុងបង្កើន វត្តមានយោធារបស់ខ្លួន នៅជិតប្រទេសវ៉េណេហ្ស៊ុយអេឡា។ យោងតាមសារព័ត៌មាននេះ «កងកម្លាំងអាមេរិកនៅក្នុងតំបន់ការ៉ាអ៊ីប រួមមាននាវាចម្បាំងកងទ័ពជើងទឹកចំនួន ៨គ្រឿង នាវាប្រតិបត្តិការពិសេសមួយគ្រឿង និងនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង»៕