អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (១៤ វិច្ឆិកា) នេះថា បំណាក់ដីដ៏ធំ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងតិច ២នាក់ និង ២១នាក់ ផ្សេងទៀតបានបាត់ខ្លួន។ ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបានបាត់ខ្លួនទាំងនោះ។

ក្រុមមន្ត្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនថ្ងៃ នៅក្នុងតំបន់នេះ បានបណ្តាលឱ្យមានបំណាក់ដី ដែលបានគ្របសង្កត់លើលំនៅឋានរាប់សិបខ្នង នៅភូមិចំនួន៣ ក្នុងខេត្តជ្វាកណ្ដាល របស់ឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ ស្ថានភាពដីជ្រាយរឹងមិនស្មើគ្នា បានបង្កបញ្ហាប្រឈមខ្លាំងដល់ក្រុមស្វែងរក និងជួយសង្គ្រោះ ក្នុងការតាមរកជនរងគ្រោះ អំឡុងឱកាសរស់នៃប៉ុន្មានម៉ោងដំបូងដ៏មានតម្លៃ។
ភ្លៀងធ្លាក់ខ្លាំងតាមរដូវកាល ចាប់ពីខែតុលា ដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី ដែលជាប្រជុំកោះ ១.៧០០០កោះ និងជាទីដែលមនុស្សរាប់លាននាក់រស់នៅតាមតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបលិចទឹក ដែលមានជីជាតិ៕