បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United ទទួលបាន ៣ពិន្ទុក្នុងសប្តាហ៍ទី២៩ របស់ខ្លួននៅក្របខណ្ឌ English Premier League បន្ទាប់ពីជ័យជំនះទាំងលំបាកលើក្រុមភ្ញៀវញញួរធំ West Ham នៅ Old Trafford។

ខ្សែការពារខ្ចីជើងពី Watford, Craig Dawson បានរួមចំណែកជាច្រើនជួយ West Ham រដូវកាលនេះ តែប្រកួតនេះបែជាភ្លាត់ចូលទីខ្លួនឯង តាមរយៈបាល់ជ្រុងរបស់ Bruno Fernandesនៅវគ្គទី២។ Marcus Rashford និង Mason Greenwood សុទ្ធតែមានឱកាសល្អរៀងៗខ្លួន តែសុទ្ធតែមិនមានសំណាង។ ជ័យជំនះនេះធ្វើឲ្យ Manchester United បន្តឈរលេខ២ មាន ៥៧ពិន្ទុពីលើក្រុមលេខ៣ Leicester City ១ពិន្ទុ និងដេញពីក្រោយ Manchester City ១៤ពិន្ទុតែ Manchester United នៅសល់ ១ប្រកួតក្នុងដៃ។ ជ័យជំនះ ១-០ នេះដែរធ្វើឲ្យ Manchester United បិទមិនឲ្យរបូតបាល់ ៤ប្រកួតជាប់គ្នាជាលើកដំបូង ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។

ងាកមកក្រុមលេខ៣ Leicester City យប់មិញបានបំបាក់ក្រុមដែលកំពុងដុនដាប Sheffield United ដោយគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯងរបស់ Kelechi Iheanacho និង ២គ្រាប់ដោយ Ayoze Perez និងគ្រាប់ចូលទីខ្លួនឯងរបស់ Ampadu។ ចំណែកក្រុមកាំភ្លើងធំ Arsenal យប់មិញបានវាយបកយកឈ្នះ Tottenham Hotspur ២-១។ Erik Lamela ស៊ុតបញ្ចូលទីនាំមុខ ដោយគ្រាប់បាល់បច្ចេកទេសអស្ចារ្យរបស់ខ្លួននៅនាទីទី៣៣ តែមុនចប់វគ្គទី១ Martin Odegaard តាមស្មើវិញនៅនាទីទី៤៤។ ចូលវគ្គទី២ គ្រាប់បាល់ជ័យជំនះរបស់ Arsenal កើតឡើងនៅនាទីទី៦៤ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Alexander Lacazette បន្ទាប់ពីកំហុសរបស់ Davinson Sanchez មុនពេលដែល Erik Lamela ទទួលបានកាតក្រហមទី២ បណ្តេញចេញពីការប្រកួត។ ៣ពិន្ទុនេះធ្វើឲ្យ Arsenal បន្តឈរលេខ១០ មាន ៤១ពិន្ទុ ខណៈ Spurs របស់ Jose Mourinho នៅឈរលេខ៧ មាន ៤៥ពិន្ទុដេញពីក្រោយតំបន់ Top4 ចំនួន ៦ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ