មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) ថា មកទល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជួលបុគ្គលិកចំនួន ៥០.០០០នាក់ហើយ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងមក ដោយបុគ្គលិកថ្មីភាគច្រើនមានមុខតំណែងសន្តិសុខជាតិ ដោយឆ្លុះបញ្ចាំងពីការផ្តោតសំខាន់លើគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលនេះ។

លោក Scott Kupor នាយកផ្នែកធនធានមនុស្សរបស់រដ្ឋាភិបាលសហព័ន្ធ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ភាគច្រើននៃបុគ្គលិកជួលថ្មី ធ្វើការនៅផ្នែកច្បាប់អន្តោប្រវេសន៍ និងគយ (ICE)។ លោកបន្តថា៖ ការផ្លាស់ប្តូរកម្លាំងពលកម្ម គឺដើម្បីផ្តោតលើអាទិភាពដែលរដ្ឋបាលគិតថាមានសារៈសំខាន់បំផុត"។

ការផ្លាស់ប្តូរតួនាទីបុគ្គលិកបែបនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់លោក Trump ដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ ខណៈកាត់បន្ថយការងារផ្នែកសហព័ន្ធផ្សេងទៀត។ ការជួលនិយោជិតថ្មីនេះ កើតឡើងស្របពេលការឈប់ជួល និងបញ្ឈប់ការងារបុគ្គលិកនៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋាភិបាល ដូចជាសេវាចំណូលផ្ទៃក្នុង IRS និងក្រសួងសុខាភិបាលជាដើម។
កាលពីខែសីហា លោក Kupor បាននិយាយថា រដ្ឋបាលរំពឹងថានឹងកាត់បន្ថយបុគ្គលិកប្រហែល ៣សែននាក់ នៅឆ្នាំ២០២៥នេះ៕
