រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងរៀបចំឲ្យមានការលើកលែងយ៉ាងទូលំទូលាយនូវអត្រាពន្ធលើទំនិញមួយចំនួន ជាកិច្ចប្រឹងប្រែង ដើម្បីជួយទម្លាក់តម្លៃម្ហូបអាហារឡើងខ្ពស់ដែលបង្កឲ្យមានការធុញថប់ សម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមបុគ្គល ៣រូបដែលបានផ្ដល់ព័ត៌មានសង្ខេប អំពីវិធានការនេះ។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាមិនទាន់ត្រូវបានប្រកាសជាផ្លូវការ បុគ្គលទាំងនេះបានប្រាប់ឲ្យដឹងថា ចំណាត់ការនេះ នឹងអនុវត្តចំពោះពន្ធបដិការជាក់លាក់មួយចំនួន ដែលលោកប្រធានាធិបតី បានប្រកាសកាលពីខែមេសា ក្នុងនោះរួមមានទាំងលើផលិតផលមកពីបណ្ដាប្រទេសដែលមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលផងដែរ។

ការលើកលែងនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលសាច់គោ និងផលិតផលក្រូចឆ្មារ តែបុគ្គលទាំងនេះបានព្រមានថា ប្រធានាធិបតីអាមេរិក លោក Trump មិនទាន់បានធ្វើការសម្រេចចុងក្រោយនៅឡើយទេ។ បញ្ហានៃបណ្ដាប្រទេសបរទេសបង្កើនការនាំចូលសាច់គោ គឺជាដើមហេតុនៃការឈ្លោះប្រកែកគ្នា ក្នុងចំណោមអ្នកចិញ្ចឹមសត្វអាមេរិក ដែលលើកឡើងថា វាផ្ទុយទៅនឹងទស្សនៈរបស់លោក Trump ក្នុងការជំរុញផលិតកម្មក្នុងស្រុក។
ប្រសិនបើសំណើនេះដំណើរការទៅមុខនោះ វានឹងក្លាយជាការត្រឡប់ចុងក្រោយនៃគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់មួយរបស់លោកប្រធានាធិបតី ជុំវិញក្ដីបារម្ភដែលមានកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពចំណាយ បើទោះបីជាលោក Trump បានទទូចថា តម្លៃកំពុងធ្លាក់ចុះ តែការពិតមិនមែនឡើយ។ កាលពីសប្តាហ៍មុន គណបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតនៅទូទាំងប្រទេស មួយភាគធំដោយសារកង្វល់ អំពីការចំណាយនៃការរស់នៅ៕
