ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) បានស្នើសេចក្តីព្រាងផ្ទាល់ខ្លួននៃសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីតំបន់ហ្កាហ្សា ជាការប្រឆាំងទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យអត្ថបទរបស់ខ្លួនទទួលបានការអនុម័ត នៅឯក្រុមប្រឹក្សាសន្តិសុខ ដែលនឹងគាំទ្រផែនការសន្តិភាពហ្កាហ្សារបស់លោកប្រធានាធិបតី Donald Trump។ នេះបើយោងតាមច្បាប់ចម្លងនៃសេចក្តីព្រាងដែលសារព័ត៌មាន Reuters បានឃើញ។

សហរដ្ឋអាមេរិកបានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចជាផ្លូវការទៅកាន់សមាជិកក្រុមប្រឹក្សាទាំង ១៥ កាលពីសប្តាហ៍មុន ហើយបានបញ្ជាក់ថា ខ្លួនមានការគាំទ្រក្នុងតំបន់ សម្រាប់សេចក្ដីសម្រេចរបស់ខ្លួនដែលនឹងផ្តល់អាណត្តិរយៈពេល ២ឆ្នាំ ដើម្បីឲ្យមានស្ថាប័នអភិបាលកិច្ចអន្តរកាល និងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។
នៅក្នុងលិខិតកំណត់សម្គាល់មួយទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ បេសកកម្មរបស់រុស្ស៊ី ប្រចាំនៅ UN បានឲ្យដឹងថា៖ «សំណើប្រឆាំងរបស់ខ្លួន ត្រូវបានជំរុញដោយសេចក្តីព្រាងរបស់សហរដ្ឋអាមេរិក»។
កំណត់សម្គាល់បានបន្ថែមថា៖ «គោលបំណងនៃសេចក្តីព្រាងរបស់យើង គឺដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខបង្កើតវិធីសាស្រ្តប្រកបដោយតុល្យភាព អាចទទួលយកបាន និងបង្រួបបង្រួម ឆ្ពោះទៅរកការសម្រេចបាននូវការបញ្ឈប់អរិភាពដោយចីរភាព»។
សេចក្តីព្រាងរបស់រុស្ស៊ី ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ស្នើឲ្យអគ្គលេខាធិការ UN កំណត់ជម្រើស សម្រាប់កម្លាំងរក្សាស្ថិរភាពអន្តរជាតិ នៅតំបន់ហ្កាហ្សា និងមិននិយាយអំពី «ក្រុមប្រឹក្សាសន្តិភាព» ដែលសហរដ្ឋអាមេរិកបានស្នើឡើងជារដ្ឋបាលអន្តរកាល សម្រាប់តំបន់ហ្កាហ្សានោះឡើយ។ តែយ៉ាងណាក្ដី បេសកកម្មរបស់អាមេរិក ប្រចាំនៅ UN បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខបន្តទៅមុខជាមួយនឹងសេចក្ដីសម្រេចរបស់ក្រុងវ៉ាស៊ីនតោន៕

